Thursday, February 22, 2018

មគ្គុទ្ទេសក៍ទេសចរណ៍ជាទូតនាំសារវប្បធម៌ អរិយធម៌ និងកិត្យានុភាពជាតិទៅកាន់ទេសចរណ៍ផ្ទាល់

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានណែនាំដល់មគ្គុទ្ទេសក៍ទេសចរណ៍ថា ពួកគេជាទូតនាំសារដែលទាក់ទងនឹងវប្បធម៌ អរិយធម៌ និងកិត្យានុភាពរបស់ជាតិ ប្រាប់ទៅកាន់ភ្ញៀវទេសចរណ៍ដោយផ្ទាល់ ដូច្នេះត្រូវចងចាំថា «អត្តសញ្ញាណរបស់អ្នក ជាអនាគតរបស់អ្នក»។

លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាម មគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៤ សាស្រ្តាចារ្យ និងសិស្ស និស្សិតប្រមាណ៣៥០នាក់ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា មគ្គុទ្ទេសក៍ទេសចរណ៍ជាទូតនាំសារនូវវប្បធម៌ អរិយធម៌ និងកិត្យានុភាពរបស់ជាតិ ទៅកាន់ភ្ញៀវទេសចរណ៍ដោយផ្ទាល់ ក្នុងនោះលោករដ្ឋមន្រ្តីបានលើកឡើងពីទស្សនទាន «អត្តសញ្ញាណរបស់អ្នកជាអនាគតរបស់អ្នក» សំដៅឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ក្រមសីលធម៌វិជ្ជាជីវៈ និងមានអត្តចរិតស្លូតបូត ចូលរួមចំណែកលើកកម្ពស់អត្តសញ្ញាណជាតិ ដែលនឹងនាំមកនូវអនាគតប្រសើរដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។

លោក ថោង ខុន ក៏បានលើកឡើងពីសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយបានណែនាំសិក្ខាកាមទាំងអស់ ឱ្យខិតខំថែរក្សានូវសមិទ្ធផលទាំងនេះ ដែលជាចលករជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យ ធានាបាននូវសន្តិភាព សន្តិសុខ និងសុវត្ថិភាពសង្គមពេញផ្ទៃប្រទេស។

លោក ថោង ខុន ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងគោរពឱ្យបាននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ នៅពេលប្រកបវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ និងចៀសវាងឱ្យបាននូវរាល់សកម្មភាពទាំងឡាយណា ដែលប្រាស់ចាកពីសីលធម៌សង្គម និងអនុក្រឹត្យស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍ផងដែរ៕






No comments:

Post a Comment