Thursday, February 22, 2018

លិខិតមិត្តអ្នកអាន៖ អ្នកប្រឆាំងវិសោធនកម្មច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ គឺប្រឆាំងនឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា

កម្ពុជានឹងកាន់តែមានមូលដ្ឋានគ្រឹះច្បាប់រឹងមាំបន្ថែមទៀតក្នុងការការពារកិត្តិយសជាតិ និងផលប្រយោជន៍ ប្រជាជន ក៏ដូចជាការពារនូវព្រះកិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរ ព្រមទាំងពង្រឹងប្រសិទ្ធតែខ្លាំងថែមទៀត នូវការអនុវត្តរបប​រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពីច្បាប់ធម្មនុញ្ញ​ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ​ និងវិសោធន​កម្មច្បាប់បន្ថែមទោស​ប្រឆាំងនឹងអ្នកប្រមាថ​ព្រះមហាក្សត្រ ដែលស្នើ ឡើងដោយរាជរដ្ឋាភិបាល ត្រូវបានអនុម័តយល់ព្រមពីរដ្ឋសភា និងព្រឹទ្ធសភា ហើយនឹងត្រូវចុះព្រហស្ថលេខា ដោយ​ព្រះមហាក្សត្រដាក់ឱ្យអនុវត្តនៅក្នុងពេលខ្លីខាងមុខនេះ។ នេះគឺជាការបោះជំហានថ្មីមួយទៀតរបស់ កម្ពុជា​ ក្នុងដំណើរឆ្ពោះទៅការពង្រឹងការអនុវត្តច្បាប់ក្នុងនាមជាប្រទេសនីតិរដ្ឋ និងដើម្បីរក្សាការពារនូវផល ប្រយោជន៍ជាតិប្រឆាំង នឹងក្រុមជនទាំងឡាយដែលប៉ុនប៉ងបំផ្លិចបំផ្លាញជាតិតាមគ្រប់រូបភាពជាពិសេសតាម រយៈបដិវត្តន៍ពណ៌។

ជនជាតិខ្មែរមួយក្តាប់តូចរួមនឹងចៅហ្វាយនាយជាជនបរទេសមួយចំនួនរបស់ខ្លួនដែលតែងតែបង្កចលាចលសង្គម បង្កើតអស្ថិរភាពនយោបាយ និងដើរអុកឡុកបរិហារកេរ្តិ៍ប្រទេសជាតិ កំណើតរបស់ខ្លួន និងធ្លាប់តែឱនក្បាល លត់ជង្គង់អង្វរឱ្យបរទេសដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា ពិតជាមិនសប្បាយ ចិត្តឡើយជាមួយ នឹងវិសោធនកម្មច្បាប់ធម្មនុញ្ញ និងការដាក់ទោសទណ្ឌដល់អ្នកប្រមាថព្រះមហាក្សត្រនេះ ព្រោះនឹងធ្វើឱ្យពួកគេអស់លទ្ធភាពក្នុងការជេរ ប្រមាថព្រះចេស្តារព្រះមហក្សត្រ មួលបង្កាច់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈបន្តទៅ ទៀតបាន។ លើសពីនេះ ក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់ និងក្រុមចលនា ឧទ្ទាមខុសច្បាប់មិនអាចដើរសម្អុយកេរ្តិ៍ឈ្មោះជាតិកម្ពុជា ដូចដែលពួកគេបាន និងកំពុងតែធ្វើនៅបណ្តា ប្រទេសនានាដូចជានៅសហរដ្ឋអាមេរិក បារាំង កាណាដា និងអូស្ត្រាលីបានដោយសេរី គ្មានទោសពៃរ៍ដូចពួក គេធ្វើពីមុនឡើយ។ ពួកគេអាច គេចពីសំណាញ់ច្បាប់កម្ពុជា ពេលដែលធ្វើសកម្មភាពនៅក្រៅប្រទេស ប៉ុន្តែពួកគេនឹងបង់តម្លៃខ្ពស់នៅចំពោះមុខច្បាប់កម្ពុជា និងក្នុងទឹកដីកម្ពុជា។ បក្សប្រឆាំង និងក្រុមចលនា ខុសច្បាប់អាចធ្វើសកម្មភាពបំផ្លាញជាតិ បានក៏ដោយសារតែមានការ គាំទ្រពីចៅហ្វាយនាយបរទេស របស់ខ្លួន។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែករបស់បរទេសមក ក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។

ក្រុមប្រឆាំង សង្គមស៊ីវិលដែលទទួលថវិកាពីបរទេសមួយចំនួន រួមនឹងក្រុមសិទ្ធិមនុស្សល្អតែឈ្មោះបាន ព្យាយាមប្រឆាំងនឹងឆន្ទៈ និងបំណងដ៏ពិសិដ្ឋនៃប្រជាជនកម្ពុជាដែលប្រាថ្នាចង់បាន ប្រទេសកម្ពុជាមួយដែល ម្ចាស់ការ និងសម្រេចលើជោគវាសនាជាតិដោយខ្លួនផ្ទាល់ ដោយមិនចាំបាច់មានការបង្គាប់បញ្ជាពីបរទេស ឡើយ។ ពួកគេបាននិយាយដោយបំផ្លើស​ថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាពិសេសការ កំណត់ទោសទណ្ឌ ចំពោះអ្នកប្រមាថព្រះមហាក្សត្រគឺជាការរំលោភសិទ្ធិបញ្ចេញមតិ។ តើពួកគេយល់រវាង​សិទ្ធិបញ្ចេញមតិ និងការប្រមាថទេ? មាត្រ ៧ នៃរដ្ឋធម្មនុញ្ញ ចែងថា «អង្គព្រះមហាក្សត្រ គ្មាននរណាអាចរំលោភបានឡើយ»។ ចំណុចនេះហើយ ដែលកម្ពុជាចាំបាច់ត្រូវមានច្បាប់ដែលដាក់ទោសទណ្ឌលើជនណាដែលប្រមាថព្រះ មហាក្សត្រ។ កម្ពុជាក៏មិនមែនជាប្រទេសទី១ ដែលកំណត់ដូច្នេះដែរ។ ប្រទេសថៃបាន កំណត់ច្បាប់យ៉ាង តឹងរឹងបំផុតចំពៅះអ្នកប្រមាថព្រះមហាក្សត្រ។ ហេតុអ្វីសង្គមស៊ីវិល មន្ត្រីសិទ្ធិមនុស្ស និងក្រុមប្រឆាំងមិនរិះគន់ និងលើកឡើងថាជាការរំលោភលើ សិទ្ធិសេរីភាពបញ្ចេញមតិផង? ព្រះមហាក្សត្រក៏ជាប្រជាពលរដ្ឋដែលត្រូវ បានការការពារ ដោយច្បាប់ដែរ មិនមែន នរណាក៏អាចប្រមាថបាននោះទេ។

​គិតសព្វៗទៅ ក្រុមជនប្រឆាំង និងក្រុមមន្ត្រីសិទ្ធិមនុស្សអន្តរជាតិវង្វេងទិសទាំងនេះ គិតត្រឹមតែប្រយោជន៍ ផ្ទាល់ខ្លួន និងបក្ខពួកខ្លួនប៉ុណ្ណោះ មិនបានគិតពីផលប្រយោជន៍រួមដូចដែល ពួកគេតែងតែច្រៀងនៅទេ។ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាយើងពិតជារីករាយ និងសូមស្វាគមន៍យ៉ាងខ្លាំងក្លាបំផុតចំពោះការធ្វើ វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញក៏ដូចជា មាត្រាច្បាប់ដែលដាក់ទោសទណ្ឌចំពោះអ្នកប្រមាថព្រះមហាក្សត្រ ដើម្បីពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា។ ទង្វើនៃក្រុមប្រឆាំងសង្គមស៊ីវិលដែលស៊ីឈ្នួលបរទេសមួយចំនួន រួមនឹង មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ មិនចង់ឱ្យមានការធ្វើវិសោ ធនកម្មច្បាប់រដ្ឋធម្មនុញ្ញនេះ គឺពិតជាក្រុមដែល ប្រឆាំងនឹងរបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លើសពីនេះទៅទៀត កាលដែលពួកគេប្រឆាំងនឹងវិសោធនកម្មនេះ ក៏ព្រោះតែតាំងពីដើមរៀងមក ពួកគេ តែងតែមិនបានគោរពព្រះមហាក្សត្រខ្មែរឡើយ និងព្យាយាមក្នុងការផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជាតាមផែនការ បដិវត្តន៍ពណ៌របស់ខ្លួន។ តើអ្នកទាំងនេះកំពុងតែព្យាយាម ប្តូររបបដឹកនាំនៅកម្ពុជាពីរបបរាជានិយមទៅជារបប សាធារណរដ្ឋដូចពីអតីតកាល ដែលសែស្រឡាយសាច់ញាតិខ្លួនខិតខំ ប្រឹងធ្វើតាំងពីសម័យនោះមក ឬយ៉ាងណា?

ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា រួមនឹងប្រជាពលរដ្ឋខ្មែរដែលបានតម្កល់ ព្រះមហាក្សត្រខ្មែរជា និមិត្តរូបជាតិនិមិត្តរូបនៃការបង្រួបបង្រួមជាតិសាមគ្គីជាតិ ឯកភាពជាតិ និងការពារជានិច្ចរាជបល្ល័ង្គ ព្រះមហាក្សត្រ និងរបបរាជានិយមនៅកម្ពុជា មិនអនុញ្ញាតឱ្យជនណាម្នាក់ ឬក្រុមណាមួយមកជាន់ឈ្លី ឬបំផ្លាញបានឡើយ។ កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមអ្នកនយោបាយក្បត់ជាតិបង្កព្យុះភ្លៀង បានឡើយ និងត្រៀមចាត់ការតាមនីតិវិធីច្បាប់ប្រឆាំងជនវង្វេងជាតិដែលបានដើរ បំផ្លាញផលប្រយោជន៍ និងមុខមាត់ជាតិ នៅក្រៅប្រទេស និងត្រៀមខ្លួនជានិច្ចកម្ទេច ចោលនូវចលនាឧទ្ទាមខុសច្បាប់ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ  និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា។

ដោយ ចៅ ចាក់ស្មុក
ឧត្តុង្គ ខេត្តកំពង់ស្ពឺ
ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៨


No comments:

Post a Comment