Thursday, February 22, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបិទសន្និសីទជាតិស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា ព.ស​២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នឹងអញ្ជើញជាអធិបតីបិទសន្និសីទជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត»។

សន្និសីទជាតិនេះត្រូវបានបើកនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។ សន្និសីទជាតិដ៏មានសារៈសំខាន់មួយនេះ មានអ្នកចូលរួមជាង ២,៧០០នាក់ ដែលជាសមាជិក គ.ជ.អ.ប, រដ្ឋមន្ដ្រី ប្រធានស្ថាប័នពាក់ព័ន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់។

សន្និសីទជាតិនេះ មានគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលនានា នៃការអនុវត្តន៍គោលន​យោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលសម្រេច បានក្នុងរយៈពេលជិតពីរទសវត្សរ៍កន្លងមក និងផ្ដល់ឱកាសឱ្យមានការជជែកពិភាក្សាលើមេរៀនបទពិសោធន៍ បញ្ហាប្រឈម និងទិសដៅរយៈពេលវែងទៅអនាគតនៃកំណែទម្រង់នេះ ព្រមទាំងពិភាក្សាលើផែ​នការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលចុងក្រោយ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាល៕

No comments:

Post a Comment