Thursday, November 23, 2017

អភិបាលខេត្តសៀមរាបដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងារចុះជួយក្រុងសៀមរាប

សៀមរាប៖ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះជួយក្រុងសៀមរាប នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារ ក្រុមការងារចុះជួយក្រុងសៀមរាប ប្រចាំខែវិច្ឆិកាឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត ដើមី្បត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

មានប្រសាសន៍បើកកិច្ចប្រជុំនោះ លោក ឃឹម ប៊ុនសុង ក៏បានលើកឡើង អំពីសភាពការណ៍ និង សកម្មភាពក្នុងខេត្ត លើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើមី្បធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល សកម្មភាពការងារ ដែលបានអនុវត្តបានប្រចាំខែ ព្រមទាំងបញ្ហាប្រឈមដើមី្បរកនូវនីតិវិធីដោះស្រាយឲ្យបានចំនូវរាល់បញ្ហាទាំងនោះ និងឲ្យមានប្រសិទ្ធភាព ។

ក្នុងនោះដែរ លោកអភិបាលខេត្តក៏បានសង្កត់ធ្ងន់ ចំពោះរាល់បញ្ហាប្រឈមទាំងនេះ គឺត្រូវរកប្រភពបញ្ហា អំពីប្ញសគល់បញ្ហា ដើមី្បធ្វើការកែតម្រូវទៅតាមការសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ម៉្យាងវិញទៀត ត្រូវធ្វើការកែលម្អ និងពង្រឹងដោះស្រាយ ទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋាន ដោយត្រូវធ្វើការត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនពីតួនាទី ភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកទៅអនុវត្តឲ្យទទួលបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់៕





No comments:

Post a Comment