Thursday, November 23, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលជួបអនុប្រធានក្រុមហ៊ុនផលិតអគ្គិសនីរបស់អាមេរិក ដែលកំពុងផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មនៅកម្ពុជា

នៅក្នុងជំនួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ចន រ៉ាយ (Jonh E. Rice) អនុប្រធានក្រុមហ៊ុន GE (General Electric) របស់សហរដ្ឋអាមេរិក បានជម្រាបជូនថា ក្រុមហ៊ុន GE កំពុងសហការលើការផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ក្នុងខេត្តព្រះសីហនុ។ ទន្ទឹមនេះ ក្រុមហ៊ុនក៏កំពុងសិក្សាលើបណ្តាញអគ្គិសនី និងការបែងចែកអគ្គសនីទៅកាន់ប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលគម្រោងនេះនឹងបញ្ចប់នាចុងឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងមានតម្រូវការអគ្គិសនីចម្រុះ គ្រប់ទីកន្លែង គឺទាំងវារីអគ្គិសនី និង ថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម។ បើតាមការបញ្ជាក់របស់ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រោយជំនួបពិភាក្សាការងារ និងសម្តែងការគួរសមនេះ បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន GE មានគម្រោងលើវិស័យសំខាន់ៗចំនួន២ គឺវិស័យអគ្គិសនី និងវិស័យសុខាភិបាល ដែលទាក់ទងនឹងឧបករណ៍ពេទ្យដែលកន្លងមកត្រូវបាន ប្រើក្នុងមន្ទីរពេទ្យជាច្រើនមកហើយ។ ដោយឡែក ក្រុមហ៊ុន GE បានជួយក្នុងជំហ៊ានទី១ក្នុងការជំរុញការប្រើប្រាស់ទឹកស្អាតនៅតាមមន្ទីរពេទ្យចំនួន១២រួចមកហើយនៅកម្ពុជា។ ក្រុមហ៊ុន GE នឹងបន្តជំហានទី២ក្នុងការប្រើប្រាស់ទឹកស្អាតនេះនៅតាមមន្ទីរពេទ្យចំនួន១២ផ្សេងទៀតនៅកម្ពុជា។

ជាចំនុចសំខាន់មួយទៀតក្នុងជំនួបពិភាក្សាការងារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា នឹងស្នើសុំដល់ព្រះមហាក្សត្រឱ្យលោក ចន រ៉ាយ មានតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដោយសារលោកមានបទពិសោធន៍ច្រើន ក្នុងកិច្ចការអភិវឌ្ឍន៍នៅកម្ពុជា និងដោយសារ លោក ចនរ៉ាយ នឹងត្រូវចូលនិវត្តន៌ពីការងារនៃក្រុមហ៊ុន GE ផងនោះ។

ជាការឆ្លើយតប លោក ចនរ៉ាយ បានសម្តែងនូវមោទនភាពក្នុងការទទួលយកតួនាទីនេះ ដោយលោកសន្យាថានឹងខិតខំចូលរួមបំរើដល់ការអភិវឌ្ឍរបស់កម្ពុជា៕







No comments:

Post a Comment