Thursday, November 23, 2017

អភិបាលខេត្តស្វាយរៀង ជំរុញឱ្យមន្រ្តីរាជការមានសាមគ្គីភាព និងបំពេញតួនាទីផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានផ្ដាំផ្ញើដល់មន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង ស្រុក ត្រូវបន្តរក្សាឱ្យបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុង រវាងមន្រ្តីរាជការទាំងអស់ ដើម្បីរួមគ្នាបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួន ឱ្យទទួលបានលទ្ធផលល្អ ធានាការផ្ដល់សេវាសាធារណៈ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តស្វាយ​រៀង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តស្វាយរៀង។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ែន វិបុល បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះការចូលរួមចំណែកយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាជាតម្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព នាខែវិច្ឆិកាកន្លងមកនេះ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើរដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១- ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរ
២- សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ជ្រួតជ្រាប អំពីការអនុវត្តសាលដីការបស់តុលាការកំពូល ដែលបានរំលាយគណបក្សសង្គ្រោះជាតិ
៣- រដ្ឋបាលក្រុង ស្រុកត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឱ្យបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីធានាប្រក្រតីភាព និងនិរន្តភាពក្នុងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ការអភិវឌ្ឍមូលដ្ឋាន ការផ្ដល់សេវានានា ការគ្រប់គ្រងចាត់ចែងការប្រើប្រាស់ថវិកា និងការដោះស្រាយសំណើសំណូមពរនានា ជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ព្រមទាំងត្រូវពង្រឹងការបំពេញការងាររបស់ស្មៀនឃុំ សង្កាត់ និងកិច្ចការផ្សេងៗទៀត ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ
និង ៤- មន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីររ៉ែ និងថាមពល ត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងបទដ្ឋានបច្ចេកទេស នៃការរៀបចំស្ថានីយប្រេងឥន្ធនៈ និងស្ថានីយឧស្ម័នឥន្ធនៈ៕







No comments:

Post a Comment