Thursday, November 23, 2017

លោក សុខ ឥសាន ស្នើសុំកុំយកហ្សឹមបាវ៉េ មកប្រៀបធៀបនឹងកម្ពុជា

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក  សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាន​លើក​ឡើងថានៅ​លើ​ពិភពលោក នៅប្រទេសនី​មួយៗ​មានលក្ខណៈពិសេស​ដោយឡែក​ៗ​ពី​​គ្នា មិន​អាច​យក​សភាពការណ៍ប្រទេស​មួយមកប្រដូចនឹងប្រទេស​មួយទៀត​បាន​ទេ ។

លោក សុខ ឥសាន បានលើកឡើងទៀតថា  នៅប្រទេសហ្សឹមបាវ៉េ លោកប្រធានាធិបតី មូហ្គា​បេ​ មាន​វ័យចាស់​រហូតដល់៩៣ ឆ្នាំទៅហើយ ។ ធម្មតាក្នុងវ័យចាស់បែបនេះ មិនអាចមាន​កាយ​សម្បទា​​​គ្រប់គ្រាន់​ដើម្បីរ៉ាប់​រង​ការ​ងារ​បាន​ដូចធម្មតាទេ ទោះបីមាន​ឆន្ទៈចង់​បម្រើជាតិ​យ៉ាងណា​ក៏​ដោយ ។ នេះជាក្រឹត្យក្រមធម្មជាតិតម្រូវ ។ តែទោះយ៉ាងណាក្តីគេ​មិនអាច​ឆ្លៀត​ឱកាស​ដើម្បី​លូក​​​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​​ប្រទេសហ្សឹមបាវ៉េទេ ដែលផ្ទុយពីធម្មនុញ្ញអង្កការសហប្រជាជាតិ ។ គួរ​ទុក​​ឲ្យ​ប្រជាជន​ប្រទេសហ្សឹម​បាវ៉េសម្រេចចិត្តដោយផ្ទាល់ ។



លោក សុខ ឥសាន បានបញ្ជាក់ថា     ចំពោះកម្ពុជាមានលក្ខណៈពិសេសសម្រាប់កម្ពុជា ។ មានតែប្រជាជនកម្ពុជាទេ ដែលមាន​សិទ្ធិសម្រេចពីជោគវាសនារបស់កម្ពុជាផ្ទាល់។ លោកបន្តថា  សម្តេច តេជោ ហ៊ុន សែន ទើបមានអាយុ ៦៥ឆ្នាំ នៅមានកាយសម្បទាមាំមួន សុខភាពល្អ សកម្មការងារបម្រើប្រជាជននិងប្រទេសជាតិបានយ៉ាងមានប្រសិទ្ធភាព មានគុណ​សម្បត្តិ​ធំធេង​សម្រាប់​ប្រជាជន ហើយត្រូវ​បានប្រជាជន​ទូទាំងប្រទេស​ភាគ​ច្រើនលើសលុបបន្ត​គាំទ្របន្តបេស​ក​ក​ម្មបម្រើជាតិមាតុភូមិ តើមានខុសអីទៅបើនៅបន្តបម្រើប្រជាជននោះ?

លោកបន្តទៀតថា ប្រជាជនកម្ពុជាមិនគិតពីកាន់អំណាចយូរទេ ទោះបីប៉ុន្មានសិបឆ្នាំទៅ​មុខទៀត​ក៏ដោយ ឲ្យតែប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ សេចក្តីសុខក្សេ​នក្សាន្តសម្រាប់​ជីវ​ភាព​រស់​នៅ​សម្បូរ​សប្បាយ មានការអភិវឌ្ឍន៍រីកចម្រើន គឺជាការចង់បានរបស់ប្រជាជន ។ ដោយ​សារ​គុណ​សម្បត្តិ និងស្នាដៃស្តារកសាង និងអភិវឌ្ឍន៍ប្រទេសបានរីកចម្រើននេះហើយបាន​ជាប្រជាជន​នៅ​តែបន្ត​គាំ​ទ្រតទៅទៀតយ៉ាងដូច្នេះ ។

លោក សុខ ឥសាន បានបន្តបន្ថែមទៀតថា ហេតុនេះគេមិនអាចយក​សភាព​ការណ៍របស់​ហ្សឹម​បា​វ៉េ មកប្រៀបធៀប​ជាមួយ​កម្ពុជា​បាន​ឡើយ ព្រោះមានលក្ខណៈខុសគ្នាទាំងស្រុង។  ហើយគេ​ក៏កាន់​តែមិនអាចយកលោក មូហ្គាបេ មក​ប្រៀប​​ធៀបនឹងសម្តេចតេជោ ហ៊ុន សែន បានដែរ  ពីព្រោះសម្តេច ហ៊ុន សែន កាន់អំណាច និង​បន្តកាន់​អំណាចតាមឆន្ទៈរបស់ប្រជាជនកម្ពុជា ។ គ្មានជនណា ឬប្រទេសណាមាន សិទ្ធិសម្រេចជំនួសប្រជាជនកម្ពុជាបានទេ៕


No comments:

Post a Comment