Thursday, November 23, 2017

លោក​ សុខ ឥសាន៖​ តើការរំលាយបក្ស​ប្រឆាំង​ធ្វើឡើង​ដោយយុត្តិធម៌​ ឬ អយុត្តិធម៌?​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បានលើកឡើងថា អ្នកណាក៏បានដឹងដែរថា គណបក្សប្រឆាំងដែលត្រូវបានរំលាយដោយតុលាការកំពូល គឺអាស្រ័យដោយមេដឹកនាំ និងក្រុមមេដឹកនាំគណបក្សនេះ បានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ដោយបានអនុវត្តតាមផែនការរបស់បរទេសក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ ដែលជាស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយដែលត្រូវបានបញ្ចូលទៅក្នុងខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៩៣ មកម៉្លេះ។

លោក សុខ ឥសាន បានបន្តថាទង្វើខុសច្បាប់របស់បក្សប្រឆាំង ត្រូវប្រឈមនឹងច្បាប់ស្តីពីគណបក្សនយោបាយ និងទោសក្បត់ជាតិត្រូវប្រឈមនឹងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យរូបនេះ បានបន្តថា ការដែលបក្សប្រឆាំងត្រូវរំលាយ គឺស្របតាមទង្វើល្មើសច្បាប់របស់ខ្លួន គ្មានអ្នកណាបង្កើតបទល្មើសឲ្យខ្លួននោះទេ។ ដូច្នេះ មានតែអ្នកល្មើសច្បាប់ទេ ដែលត្រូវទទួលផលវិបាកនៃអំពើល្មើសច្បាប់នោះ ហើយការរលាយរបស់បក្សប្រឆាំងនេះ គឺយុត្តិធម៌ ដោយស្របតាមច្បាប់ និងបទល្មើសរបស់គណបក្សស្រាប់។

លោក សុខ ឥសាន បានបន្តទៀតថា ប៉ុន្តែដោយសារគ្មានការទទួលស្គាល់ការពិត និងទង្វើល្មើសច្បាប់របស់ខ្លួន ពួកមេក្លោង និងពួកអាយ៉ង នៅតែប្រកាសបដិសេធពីទង្វើខុសច្បាប់ រំលោភលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ពួកគេសុខចិត្តធ្មេចភ្នែកប្រកែកយកតែឈ្នះដៃ បំភ័ន្តមតិសាធារណជាតិ និងអន្តរជាតិ ថាការរំលាយបក្សខ្លួនគឺអយុត្តិធម៌ណាស់ ដែលនេះគ្រាន់តែជាការលុបលាងភាពអាម៉ាស់ប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ការពិតនៅតែជាការពិត រឿងធំប៉ុនមហាមេឃ មិនអាចយកចង្អេរតូចមួយមកបិទបាំងបានជាដាច់ខាត។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា រូបនេះបានសង្កត់ធ្ងន់ថា ច្បាប់ គឺច្បាប់ ការល្មើសច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ទោះជាខំស្រែកថាអយុត្តិធម៌យ៉ាងណាក៏គ្មានប្រសិទ្ធភាពដែរ។ រលាយ ត្រូវតែរលាយ មិនអាចវិលមកវិញជាដាច់ខាត។ ខ្មោចមិនអាចរស់ឡើងវិញទេ ទោះមានគ្រូធ្មប់ពូកែយ៉ាងណា ក៏មិនអាចស្តារប្រស់ឲ្យរស់ឡើងវិញបានជាដាច់ខាត៕


No comments:

Post a Comment