Thursday, November 23, 2017

អតីតមេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាស្រុកស្រែអំបិលរបស់បក្សសង្គ្រោះជាតិ៣នាក់ទៀតហើយ ប្រកាសសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

កោះកុង៖ អតីតមេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សា ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង សរុប៣នាក់ ទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសសុំរួមរស់ជាមួយ គណបក្ស ប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញនូវអំពើក្បត់ជាតិ របស់មេដឹកនាំគណបក្ស សង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៣រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង៣រូបនោះ រួមមាន៖
ទី១៖ លោក ទេព ហៃ អាយុ៥៤ឆ្នាំ មេឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង, ទី២៖ លោក ហេង ឈីវ អាយុ៤៨ឆ្នាំ ជំទប់ទី១ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង, ទី៣៖ លោកស្រី អ៊ុត សារ៉ាន់ អាយុ២៥ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានប្រកាសស្វាគមន៍ និងទទួលសមាជិក-សមាជិកាថ្មី មកពីអតីតគណ បក្សសង្គ្រោះជាតិទាំង៣រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook របស់លោកថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គ.ជ.ប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»៕




No comments:

Post a Comment