Thursday, November 23, 2017

អតីតសមាជិកក្រុមប្រឹក្សាក្រុង ឃុំ សង្កាត់ និងបេក្ខជនក្រុមប្រឹក្សាឃុំរបស់​បក្សសង្គ្រោះជាតិ​ខេត្តតាកែវ​ ស្នើសុំចូល​រួមជាមួយ​គណបក្សប្រជាជន​ជាបន្តបន្ទាប់​

អតីតសមាជិកក្រុមប្រឹក្សាក្រុង ឃុំ សង្កាត់ និងបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តតាកែវ ចំនួន១០នាក់បន្ថែមទៀត នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ បានសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ធ្វើអោយចំនួនជំទប់ទី១ ទី២ សមាជិកក្រុមប្រឹក្សា និងចំនួនបេក្ខជន គណបក្សសង្រោះជាតិចុះចូលគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តតាកែវ បានកើនឡើងដល់ចំនួន ៣៦នាក់។

ពួកគាត់បានបញ្ជាក់ថា ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មកពីពួកគាត់បានមើលឃើញពីចរិតនយោបាយក្បត់ជាតិ របស់ថ្នាក់ដឹកនាំកំពូល គណបក្សសង្រ្គោះជាតិ និងដោយមើលឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ឱកាសមាសដល់ពួកគាត់ ក្នុងការបន្តចូលរួមចំណែកបំរើជាតិមាតុភូមិបន្តទៀត។

អតីតសមាជិកគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ការសម្រេចចិត្តនេះមិនមែនជាការលក់ឧត្តមគតិ ដូចការចោទប្រកាន់នោះទេ ហើយគណបក្សប្រជាជន ក៏មិនត្រូវការទិញឧត្តមគតិរបស់គាត់ដែរ ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់កាលពីល្ងាចថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០១៧ កន្លងទៅរួចមកហើយ។

ជាចុងក្រោយសមាជិកបក្សសង្គ្រោះជាតិ ដែលបានសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាទាំងអស់ បានសំដែងនូវការគោរពថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ដែលបានអនុញ្ញាតិឲ្យពួកគាត់បានបន្តបំរើប្រជាពលរដ្ឋ ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជា។

អតីតសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រួមមានសមាជិកក្រុមប្រឹក្សាក្រុងដូនកែវ ៤នាក់ សមាជិក្រុមប្រឹក្សាឃុំសង្កាត់ចំនួន២៧នាក់ និងបេក្ខជនក្រុមប្រឹក្សាឃុំ៥នាក់ក្នុងនោះរួមមាន៖

១.ស្រុកត្រាំកក់ ៤នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាឃុំគុស២នាក់ ឃុំអង្គតាសោម២នាក់ និងឃុំតាភេម១នាក់
២.ស្រុកបាទី៥នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាឃុំចំប៉ី១នាក់ ឃុំត្រពាំងសាប១នាក់ ឃុំក្រាំងធ្នង់១នាក់ និងឃុំកណ្តឹង២នាក់។
៣.ស្រុកសំរោង១នាក់ សមាជិកក្រុមប្រឹក្សាឃុំសំរោង១នាក់។
៤.ស្រុកគិរីវង់៥នាក់ ក្នុងនោះសមាជិកក្រុប្រឹក្សាឃុំព្រះបាទជាន់ជុំ១នាក់ ឃុំតាអូ១នាក់ ឃុំព្រៃអំពក១នាក់ ឃុំគីរីចុងកោះ១នាក់ និងឃុំសោម១នាក់។
៥.ក្រុងដូនកែវ៤នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាសង្កាត់រកាក្រៅ២នាក់ និងសង្កាត់រកាក្នុង២នាក់។
៦.ស្រុកកោះអណ្តែត១នាក់ សមាជិកក្រុមប្រឹក្សាឃុំរមេញ១នាក់។
៧.ស្រុកបូរីជលសារ១នាក់ សមាជិកក្រុមប្រឹក្សាឃុំគោកពោធិ៍១នាក់។
៨.ស្រុកទ្រាំង៥នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាឃុំព្រៃស្លឹក១នាក់ ឃុំសំបួរ១នាក់ ឃុំរនាម១នាក់ និងឃុំសន្លុង២នាក់ ។
៩.ស្រុកព្រៃកប្បាស៤នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាឃុំតាំងយ៉ាប១នាក់ និងឃុំពោធិ៍រំចាក១នាក់ ឃុំស្នោ១នាក់ និងឃុំព្រៃផ្តៅ១នាក់។
១០.ស្រុកអង្គរបូរី ៥នាក់ សមាជិកក្រុមប្រឹក្សាឃុំអង្គរបូរី១នាក់ ឃុំព្រៃផ្គាំ១នាក់ ឃុំបាស្រែ១នាក់ និងឃុំគោកធ្លក២នាក់៕









No comments:

Post a Comment