Thursday, November 23, 2017

អភិបាលខេត្តតាកែវ អញ្ជើញចូលរួមរំលែកទុក្ខ​គ្រួសារសព​ និងសួរសុខទុក្ខ​កម្មករ កម្មការនី​ ដែលរងគ្រោះ​ដោយសារ​ក្រឡាប់រថយន្ត​

តាកែវ៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព និងសួរសុខទុក្ខកម្មករ កម្មការនី ដែលរងគ្រោះថ្នាក់ដោយសារក្រឡាប់រថយន្តដឹកកម្មករ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបណ្តាលឱ្យកម្មករស្លាប់០១នាក់ របួសធ្ងន់០៣នាក់ និងរបួសស្រាល១២១នាក់។

លោកអភិបាលខេត្តតាកែវ បានពាំនាំនូវការចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារសព និងសួរសុខទុក្ខចំពោះកម្មករ កម្មការនី ដែលរងរបួសពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវចំពោះឧបទ្ទេវហេតុដ៏គួរឱ្យសោកស្តាយនេះ និងបានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ព្យាបាលបងប្អូនឱ្យបានល្អ និងជាសះស្បើយទើបអនុញ្ញាតិឱ្យត្រឡប់ទៅផ្ទះវិញ។

លោក ឡាយ វណ្ណៈ បានសង្កត់ធ្ងន់ថា លោកនឹងបញ្ជាឱ្យគណៈកម្មាធិការត្រួតពិនិត្យបច្ចេកទេសយានយន្ត ធ្វើការត្រួតពិនិ្យឡើងវិញ នូវលក្ខណៈបច្ចេកទេសរថយន្តដឹកកម្មករ និងអ្នកបើកបររថយន្តទូទាំងខេត្ត ថាតើលក្ខណៈបច្ចេកទេសរថយន្តត្រឹមត្រូវតាមស្តង់ដារដែលបានកំណត់ ឬអត់? ហើយអ្នកបើកបរមានបណ្ណបើកបរត្រឹមត្រូវឬទេ? ហើយប្រសិនបើពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ នឹងពុំត្រូវបានអនុញ្ញាតិឱ្យដឹកកម្មករនោះទេ ព្រោះជីវិតរបស់បងប្អូនកម្មករគឺផ្ញើរទាំងស្រុងលើរថយន្ត និងអ្នកបើកបរនេះ ដូច្នេះមិនអាចធ្វេសប្រហែសបានឡើយ។

ក្នុងឱកាសនោះដែរ លោកក៏បាននាំមកនូវអំណោយ និងថវិកាមួយចំនួនរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ជូនដល់បងប្អូនកម្មករដែលរងរបួស និងឧបត្ថម្ភដល់ក្រុមគ្រួសារសពនូវថវិកាចំនួន០៩លានរៀល ដោយក្នុងនោះថវិការបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ចំនួន០២លានរៀល លោក ជា វណ្ណដេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាទី០១លានរៀល លោកអភិបាលខេត្ត០១លានរៀល សាខាកាកបាទក្រហមកម្ពុជាខេត្ត០១លានរៀល និងបេឡាជាតិរបបសន្តិសុខសង្គមចំនួន០៤លានរៀល។

បន្ថែមពីនោះ លោកអភិបាលខេត្ត ក៏បានទទួលបង់ថ្លៃសាលាផ្គត់ផ្គង់ការសិក្សាប្រចាំខែរហូតចប់បរិញ្ញាបត្រដល់ប្អូនស្រីសពម្នាក់ ដែលកំពុងបន្តការសិក្សានៅសកលវិទ្យាល័យវ៉ាន់ដា និងសន្យាផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់ប្អូនស្រីម្នាក់ទៀតនៃសព ក្រោយពេលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕




No comments:

Post a Comment