Thursday, November 23, 2017

រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសារព័ត៌មានគឺជាដៃគូអភិវឌ្ឍមិនអាចខ្វះបាន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្នុងក្របខណ្ឌច្បាប់បានចូលរួមចំណែកក្នុងការជួយលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែប្រសិនបើការប្រើប្រាស់សេរីភាពហួសព្រំដែនដោយបំពានច្បាប់ សារព័ត៌មានពិតជាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍជាតិ ហើយរុញច្រានឱ្យប្រទេសធ្លាក់ក្នុងភ្លើងសង្រ្គាមយ៉ាងពិតប្រាកដ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់សេរីភាពតាមបែបអនាធិបតេយ្យដោយបំពានច្បាប់ដើម្បីធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាដាច់ខាត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងដូចនេះនៅក្នុងសារលិខិតចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងឱកាសអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្លិបអ្នកកាសែតកម្ពុជា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និងរៀបចំយន្តការសម្រាប់អនុវត្តន៍ក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពខាងសារព័ត៌មាន ពង្រឹងគុណភាព និងការទទួលខុសត្រូវផ្នែកវិជ្ជាជីវៈសារព័ត៌មាន រួមចំណែកលើកស្ទួយលទ្ធិប្រជាធិបតេយ្យ កសាងសុខសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព។


នៅក្នុងសារលិខិតនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្តែងការកោតសរសើរដោយស្មោះចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម និងពុះពាររាល់ការលំបាកដើម្បីយកព័ត៌មានផ្សព្វផ្សាយជូនសាធារណជនឱ្យបានដឹង និងស្វែងយល់អំពីការវិត្តន៍ទាំងនៅក្នុងប្រទេស និងនៅលើសកលលោក។ បេសកកម្មទាំអស់នោះពិតជាបានរួមចំណែកក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ហើយរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសារព័ត៌មានគឺជាដៃគូអភិវឌ្ឍមិនអាចខ្វះបាន និងបានយកចិត្តទុកដាក់លើកស្ទួយវិស័យសារព័ត៌មានឱ្យមានការរីកចម្រើនដូចវិស័យជាអាទិភាពចម្បងដទៃទៀតដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្ថែមថា អ្នកសារព័ត៌មានបានដើរតួនាទីជាអ្នកសម្របសម្រួលនយោបាយក្នុងការចូលរួមកសាងសន្តិភាពនៅកម្ពុជា។ នៅពេលប្រទេសកំពុងប្រឈមនឹងភាពតានតឹងនៃការធ្វើបដិវត្តន៍ពណ៌ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងការគេចវេះការបំពេញកាតព្វកិច្ចអនុវត្តច្បាប់របស់អ្នកសារព័ត៌មានមួយចំនួន ហើយបានបង្វែរសភាពការណ៍ទៅជាបញ្ហានយោបាយដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល សារព័ត៌មានបានដើរតួនាទីជាអ្នកសម្របសម្រួលតាមរយៈការសរសេរអត្ថបទរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់ មិនបំប៉ោងព័ត៌មានដែលធ្វើឱ្យសភាពការណ៍នយោបាយឡើងកម្តៅ។ ទាំងនេះគឺបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់សារព័ត៌មានក្នុងការចូលរួមកសាងសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិដោយការផ្តល់ព័ត៌មានប្រកបដោយការជឿទុកចិត្ត និងការទទួលខុសត្រូវទៅលើអាជីពរបស់ខ្លួន ហើយរាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយចាត់ទុកសារព័ត៌មានគឺជាដៃគូសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយតម្លាភាព និរន្តរភាព និងការទទួលខុសត្រូវ៕





No comments:

Post a Comment