Friday, June 16, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គោលនយោបាយអមតៈរបស់គណបក្សប្រជាជន គឺការប្រកាន់ខ្ជាប់នូវសុខដុមនីយកម្មផ្នែកសាសនា និងជាតិសាសន៍

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងថា គោលនយោបាយអមតៈរបស់គណបក្សប្រជាជន គឺការប្រកាន់ខ្ជាប់នូវសុខដុមនីយកម្មផ្នែកសាសនា និងជាតិសាសន៍។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមពិសារ អាហារស្រាយបួស ជាមួយបងប្អូនខ្មែរ-អ៊ីស្លាម រាប់ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ទោះនរណាក៏ដោយដែលជាសមាជិកគណបក្សប្រជាជន ត្រូវប្រកាន់នូវគោលនយោបាយអមតៈ គឺការប្រកាន់ខ្ជាប់នូវសុខដុមនីយកម្មផ្នែកសាសនា និងជាតិសាសន៍។ ការប្រកាន់ជាតិសាសន៍ និងការរើសអើងជាតិសាសន៍មិនមែនជាគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជានោះទេ ហើយវារឹតតែមិនមែន ជាគោលន​យោបាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនផ្ទាល់ទៀតផង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បញ្ហាសុខដុមនីយកម្មផ្នែកសាសនា និងមនុស្សជាតិ គឺជារឿងដែលមិនអាចមើលរំលងបាន។ នៅតាមបណ្តាប្រទេសមួយចំនួន ព្រោះតែបញ្ហាជំនឿសាសនា បានបង្កទៅជាបញ្ហា អស្ថិរភាព។ ការកាន់សាសនាខុសគ្នា មិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះឡើយ ហើយក៏គ្មានសាសនា ណាអប់រំមនុស្សឲ្យធ្វើអំពើមិនល្អនោះឡើយ។

នៅក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បងប្អូនខ្មែរ-អ៊ីស្លាម ដែលបានប្រឹងប្រែងចូលរួមថែរក្សានូវសុខសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសកម្ពុជា៕





No comments:

Post a Comment