Friday, June 16, 2017

កម្ពុជា ប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីអភិវឌ្ឍន៍លើវិស័យអប់រំ ខណៈដែលប្រទេសដទៃកំពុងតែមានអស្ថិរភាព

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជា ប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីអភិវឌ្ឍន៍លើវិស័យអប់រំ ខណៈដែលប្រទេសដទៃកំពុងតែមានអស្ថិរភាព។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និ​ស្សិត​នៃសាកលវិទ្យាល័យ​បញ្ញាសាស្រ្តចំនួន ៩១៥នាក់ ក្នុងនោះមាន បរិញ្ញាបត្ររង បរិញ្ញា​បត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ដោយសារសុខសន្តិភាពដែលយើងរកបានដោយ លំបាក យើងបានប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងបានជំរុញនូវការអភិវឌ្ឍលើវិស័យអប់រំនេះ ដែលចំណុចនេះវាជាការកាត់បន្ថយគម្លាតខួរក្បាលរវាងទីក្រុង និងជនបទ។

លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បើយើងក្រឡេកមើលនៅប្រទេសក្រៅវិញសមាជិកសភាអាមេរិក ដែលកំពុងតែរៀនទាត់បាល់ ស្រាប់តែមានមនុស្សទៅបាញ់ ក្នុងពេលដែលគេកំពុងតែ Live អំពីការបាញ់សមាជិកសភានៅអាមេរិក ក៏មានការឆេះអគារនៅទីក្រុងឡុងនោះ ដែលអាចពាក់ព័ន្ធនឹងបញ្ហាភេរវកម្ម មិនប្រាកដថាអគារនៅទីក្រុងឡុងឆេះដោយឯកឯងនោះទេ ព្រោះក្រុងឡុង ជួនកាលមួយឆ្នាំ មួយខែវាយភេរវកម្មមិនដឹងប៉ុន្មានដង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ពិភពលោកប្រែប្រួលលឿនណាស់ពីតំបន់ដែលមានសុវត្ថិភាពបំផុត ពីតំបន់ដែលធ្លាប់មានសន្តិភាព ទៅជាតំបន់ដែលមានសង្រ្គាម ដូចជានៅមជ្ឈឹមបូព៌ាកាលមុននេះ មានសង្រ្គាមមកពីណា ពួកគេមានសុវត្ថិភាពណាស់ ប៉ុន្តែឥឡូវមជ្ឈឹមបូព៌ាពោរពេញទៅដោយហិង្សា ពោរពេញទៅដោយអស្ថិរភាព នោះប្រហែលជាពិបាកណាស់ ក្នុងការដោះស្រាយយកឈ្នះទៅលើពួកភេរវកម្មជាពិសេសរដ្ឋអ៊ីស្លាម ISIS។ ព្រោះ ISIS កំពុងវាយទៅហើយ វាយបកលើបណ្តារដ្ឋ ឯបណ្តារដ្ឋដែលប្រឆាំងជាមួយភេរវកម្មកំពុងតែទាស់គ្នា។ រឿងនេះវាលំបាកណាស់ ឥឡូវធ្វើម៉េច? អ្នកនេះក៏ប្រឆាំងនឹងភេរវកម្ម អ្នកនោះក៏ប្រឆាំងនឹងភេរវកម្ម ប៉ុន្តែទីចុងបំផុត អ្នកប្រឆាំងភេរវកម្មមកទាស់គ្នាឯង។ ចឹងពួក ISIS ច្បាស់ជាសើចហើយ វាយនៅក្នុងប្រទេសអ៊ីរ៉ង់ អ៊ីរ៉ង់ ចោទថា អារ៉ាប៊ីត សាអ៊ូឌីត និងអាមេរិកជាអ្នកវាយ។ ឥឡូវបើអីចឹងទៅដោះដូចម្តេច? នៅអាហ្កានីស្ថានវាយមិនឈប់ រាលដាលមកដល់អាស៊ី អាគ្នេយ៍យើងនេះ ដែលឥឡូវនេះបីអាទិត្យផ្លាយហើយនៃប្រតិបត្តិការយោធាដែលបញ្ជាដោយប្រធានាធិបតី ឌូតឺតេរបស់ហ្វីលីពីន ដែលប្រតិបត្តិការយោធានេះ មិនទាន់ត្រូវបានបញ្ចប់នៅឡើយ៕






No comments:

Post a Comment