Friday, June 16, 2017

ធនាគារជាតិនៃកម្ពុជា ដាក់សម្ពោធជាផ្លូវការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីសម្ពោធជាផ្លូវការ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់ លោក បណ្ឌិត អូន ព័ន្ធមន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និង លោក Samiuela T. Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។
ពិធីនេះមានការចូលរួមពីក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនសវនកម្ម និងក្រុមហ៊ុនអចលនទ្រព្យ សរុបប្រមាណ ២០០ នាក់។
សូមជម្រាបផងដែរថា យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ត្រូវបានធ្វើបច្ចុប្បន្នកម្ម ពីយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០ ដើម្បីឆ្លើយតបនឹងការវិវត្តនៃស្ថានភាពបច្ចុប្បន្ននិងតម្រូវការជាក់ស្តែង។ ការធ្វើបច្ចុប្បន្នកម្មនេះ គឺជាលើកទី៣ហើយចាប់តាំងពីឯកសារយុទ្ធសាស្ត្រទី១ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០១។ គោលដៅចម្បងរបស់យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥គឺសម្រេចឲ្យបានប្រព័ន្ធហិរញ្ញវត្ថុមួយប្រកបដោយប្រសិទ្ធភាព ដោយផ្អែកលើគោលការណ៍ទីផ្សារ ហើយមានលក្ខណៈពិពិធភាព ភាពរឹងមាំ និងបរិយាប័ន្ន ដែលផ្តល់លទ្ធភាពទូលំទូលាយក្នុងការបំពេញតម្រូវការសេវាហិរញ្ញវត្ថុនៅក្នុងប្រទេស ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងប្រសិទ្ធភាព កាត់បន្ថយភាពក្រីក្រ បង្កើនចំណូលរបស់ប្រជាជន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងតំបន់៕






No comments:

Post a Comment