Friday, June 16, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា គ្មានជោគជ័យណាមួយដែលខ្វះការចូលរួមនោះទេ

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា គ្មានជោគជ័យណាមួយដែលខ្វះការចូលរួមនោះទេ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និ​ស្សិត​នៃសាកលវិទ្យាល័យ​បញ្ញាសាស្រ្តចំនួន៩១៥នាក់ ក្នុងនោះមាន បរិញ្ញាបត្ររង បរិញ្ញា​បត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល អនុញ្ញាតិ ឱ្យវិស័យឯកជនចូលរួម​នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការកសាងសាលារៀន តាមរយៈការរៀបចំគ្រូ និងសាស្រ្តាចារ្យ។ ក៏ប៉ុន្តែប្រសិនបើឯកជនមិនព្រមធ្វើ មិនព្រមដាក់ទុន វាក៏មិនជោគជ័យ។ ឯរឿងមួយទៀតប្រសិនបើឯកជនព្រមធ្វើទៅហើយ តែប្រជាពលរដ្ឋមិនចូលរួមរៀននៅក្នុងសាលានោះ វាក៏មិនជោគជ័យដែរ។ ក៏ប៉ុន្តែជាចលនាជាតិរបស់យើងឥឡូវនេះ គឺមានការចង់ចេះចង់ដឹងខ្លាំងណាស់។

លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា ការវិនិយោគសម្រាប់យុវជន និងកុមាររបស់យើង គឺជា ការវិនិយោគត្រឹមត្រូវបំផុត ដែលយើងត្រូវផ្តល់ធាតុអំណោយផលបន្ថែមទៀតសម្រាប់ការធានាទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ដែលវាទាក់ទងទៅនឹងការពង្រឹងស្ថាប័ន ហើយបើគេនិយាយទៅលើហេដ្ឋារចនាសម្ព័ន្ធគឺមានពីរបែប៖ ទី១-គឺហេដ្ឋារចនាសម្ព័ន្ធរឹងដែល ទាក់ទងតាំងពីផ្លូវ ថ្នល់ ស្ពាន ព្រលានយន្តហោះ ឬក៏វិស័យដទៃទៀតដែលទាក់ទងជាមួយនឹងរឿងនោះ និងទី២- គឺហេដ្ឋារចនាសម្ព័ន្ធទន់ ដែលរួមមានច្បាប់ លិខិតបទដ្ឋាន ស្ថាប័ន ហើយជាពិសេសគឺធនធានមនុស្សនេះតែម្តង។ ដូចនេះ ការវិនិយោគលើវិស័យអប់រំគឺជាការចាំបាច់៕






No comments:

Post a Comment