Wednesday, June 14, 2017

រដ្ឋមន្រ្តីក្រសួងការងារ លើកឡើងពីវឌ្ឍនភាពវិស័យការងារ និងផែនការយុទ្ធសាស្រ្តចំនួន៥ដើម្បីលើកកម្ពស់វិស័យការងារ

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីវឌ្ឍនភាពវិស័យការងារ និងផែនការយុទ្ធសាស្រ្តចំនួន៥ដើម្បីលើកកម្ពស់វិស័យការងារ។ លោករដ្ឋមន្រ្តី បានលើកឡើងដូចនេះនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧  ក្នុងឱកាសអនុញ្ញាតិឱ្យវាគ្មិនយុវជននៃកម្មវិធីទំពំាងស្នងឫស្សីនៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង និងគោរពស្នើសុំអនុសាសន៍ពីលោករដ្ឋមន្រ្តីអំពីការងារមួយចំនួនពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្មួយៗជាវាគ្មិនយុវជននៃកម្មវិធីទំពាំងស្នងឫស្សីទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង បំពេញកិច្ចរបស់ខ្លួនយ៉ាងសកម្ម និងប្រកបដោយផ្លែផ្កាល្អប្រសើរ។ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋម​ន្រ្តី បានលើកឡើងពីវឌ្ឍនភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភានេះដែលផ្តោតសំខាន់លើផែនការយុទ្ធសាស្រ្តទាំង៥រួមមាន៖
១- ការជំរុញសុខដុមរមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងធានាសិទ្ធិជាមូលដ្ឋានតាមលិខិតបទដ្ឋានអន្តរជាតិ។
២- ការអភិវឌ្ឍនវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការយកចិត្តទុកដាក់លើកការបង្កើនគុណភាពអប់រំ ដើម្បីធានាឱ្យមានការទទួលស្គាល់សមត្ថភាពបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងក្នុងប្រទេស និងតំបន់។
៣- ការពង្រឹងវិស័យមុខរបរ និងការងារ គឺធ្វើយ៉ាងណាដោះស្រាយបញ្ហាការងារ ដើម្បីពង្រីកវិសាលភាពទីផ្សាការងារឱ្យកាន់តែទូលំទូលាយថែមទៀត។ ជាក់ស្តែង បច្ចុប្បន្ននេះ  ក្រសួងមានមជ្ឈមណ្ឌលការងារតាមខេត្តចំនួន១២ ហើយក៏បានបង្កើតវេទិការការងារ និងពិព័រណ៍ការងារ នៅតាមបណ្តារាជធានី ខេត្តមួយចំនួនផងដែរ។
៤- ការរៀបចំប្រព័ន្ធសន្តិសុខសង្គម គឺធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅប្រកបដោយសមធម៌ និងសេចក្តីថ្លៃថ្នូរ។
៥- ការយកចិត្តទុកដាក់លើ ការកែប្រែឥរិយាបទការងារ សំដៅបង្កើនប្រសិទ្ធភាព និងទំនួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាជន កម្មករនិយោជិត។
ជាទីបញ្ចប់ រដ្ឋមន្ត្រីក្រសួងការងារ ក៏បានផ្តល់អនុសាសន៍ដល់ប្អូនៗយុវជននៃកម្មវិធីទំពាំងស្នងឫស្សីនៃ សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវខិតធ្វើយ៉ាងណាបន្តអនុវត្ត និងចូលរួមសកម្មភាពសង្គមនានា បន្តការបណ្តុះបណ្តាលជំនាញ និងបន្តកិច្ចសហការជាមួយដៃគូអន្តរជាតិ ដើម្បីផ្តល់ឱកាសដល់យុវជនអាចចូលរួមក្នុងការងារផ្សេងៗដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយស្មារតីសាមគ្គីភាព ស្រឡាញ់រាប់អាន និងយោគយល់អធ្យាស្រ័យ៕





No comments:

Post a Comment