Wednesday, June 14, 2017

គ.ជ.ប ចាប់ផ្ដើមការរាប់សន្លឹកឆ្នោតឡើងវិញនៅឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅវេលាម៉ោង ៨:០០នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន៩ ក្នុងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង ជាបណ្ដើរៗហើយ ដែលបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញនេះ គឺប្ដឹងដោយគណបក្សប្រជាជនកម្ពុជា។

បើតាមលទ្ធផលបោះឆ្នោតបឋម ដែលបានចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប បានបង្ហាញថា ឃុំបឹងប្រាំនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៦៣១សំឡេង ឈ្នះ២៣សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតចំនួន ៦០៨សំឡេង។
ប៉ុន្តែក្រោយពេលគណបក្សសង្គ្រោះជាតិ ប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ នៅគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង (PEC) គណបក្សប្រជាជនកម្ពុជា បែរជាចាញ់សំឡេងឆ្នោតគណបក្សសង្គ្រោះជាតិទៅវិញ ដូច្នេះហើយទើបគណបក្សប្រជាជនកម្ពុជា ប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញតទៀត នៅថ្នាក់ជាតិរបស់ គ.ជ.ប និងត្រូវបានរាប់ឡើងវិញនៅព្រឹកថ្ងៃនេះតែម្ដង។

គួររំលឹកថា កាលពីថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០១៧ គ.ជ.ប ក៏បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ២៣ការិយាល័យ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ហើយលទ្ធផលផ្លូវការចុងក្រោយ ត្រូវបានលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទទួលបាន ២៦១១សំឡេង ឈ្នះ២សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានតែ ២៦០៩សំឡេង ហើយបិទផ្លូវតវ៉ាតែម្ដង។
សូមជម្រាបថា គ.ជ.ប នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យចំនួន ១ការិយាល័យ ក្នុងឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៤ ខែមិថុនានេះផងដែរ៕




No comments:

Post a Comment