Wednesday, June 14, 2017

លិខិតចៅចាក់ស្មុក៖ ៣ សែនសំឡេងដែលគណបក្សប្រជាជនកម្ពុជាកើនឡើងបានមកពីណា?

នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រចំនួន ៣,៥២ លានសំឡេងស្មើនឹងប្រមាណជាង ៥១%នៃសំឡេងឆ្នោតបានការទាំងអស់ ហើយកើនឡើងប្រមាណ ៣០ម៉ឺនសំឡេង បើប្រៀបធៀបនឹងការបោះឆ្នោតសកលឆ្នាំ ២០១៣ ដែលមានសំឡេងគាំទ្រចំនួន ៣ ២៣៥ ៩៦៩ គឺស្មើ ៤៨.៨៣%។ ចំណែកឯគណបក្សសង្គ្រោះជាតិវិញ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ ទទួលបានសំឡេងឆ្នោតប្រមាណ ៣,០៣ លានសំឡេងស្មើ៤៤% នៃសន្លឹកឆ្នោតបានការ ពោលគឺមានកំណើនប្រមាណជិត ១០ ម៉ឺនសំឡេងប៉ុណ្ណោះ បើប្រៀបធៀបនឹងការបោះឆ្នោតសកលឆ្នាំ ២០១៣ មានសំឡេងគាំទ្រ ២ ៩៤៦ ១៧៦ (ស្មើ៤៤.៤៦%)។

ជារួម នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ ដែលមានលក្ខណៈដូចជាតំ​ណាងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររួចស្រេចទៅហើយនោះ គណបក្សប្រជាជនកម្ពុជាបានឈរលើគណបក្សសង្គ្រោះជាតិប្រមាណ ៥០ម៉ឺនសំឡេងរួចស្រេចទៅហើយ ខណៈនៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ គណបក្សប្រជាជនកម្ពុជា មានសំឡេងលើសគណបក្សសង្គ្រោះជាតិចំនួន ២៨៩ ៧៩៣ សំឡេង។ តើ ៣០ ម៉ឺនសំឡេងដែលគណបក្សប្រជាជនកម្ពុជាកើនឡើងបន្ថែមនេះបានមកពីប្រភពណាខ្លះ?

១-នៅឆ្នាំ ២០១៣ អ្នកដែលទៅបោះឆ្នោតទាំងអស់មានប្រមាណជាង ៦,៧ លាន សំឡេង ចំណែកនៅឆ្នាំ ២០១៧ នេះ ប្រជាពលរដ្ឋដែលទៅបោះឆ្នោតមានចំនួនជាង ៧ ០៥០ ៥៩៤ នាក់​ក្នុងចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុប ៧ ៨៦៥ ០៣៣នាក់។ ដូច្នេះកំណើនអ្នកទៅបោះឆ្នោត​មានចំនួនប្រមាណ ៣០ម៉ឺន នាក់ដែលជាអ្នកបោះឆ្នោតថ្មី ជាយុវជនទើបគ្រប់អាយុ។ ក្នុងន័យនេះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានបោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ ២០១៣ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់បន្តទៀតនៅក្នុងការបោះឆ្នោតឆ្នាំ២០​១​៧ នេះ និងបន្ថែមដោយសំឡេងឆ្នោតថ្មី ៣០ម៉ឹនសំឡេងទៀត។ ហេតុដូច្នេះហើយបានជាធ្វើឱ្យសំឡេងរបស់គណបក្សប្រជាជនកម្ពុជាមានការកើនឡើងរហូតដល់ប្រមាណ ៣០ ម៉ឺនសំឡេងធ្វើឱ្យសំឡេងឆ្នោតគណបក្សប្រជាជនកម្ពុជាកើនពី ៣,២៣លាន ដល់ជាង ៣,៥២ លានសំឡេង កើនឡើងច្រើនជាង ៣ ដងនៃកំណើនរបស់បក្សប្រឆាំង។ បក្សប្រឆាំងដែលនៅកន្លែងខ្លះបានបាត់បងសំឡេងទៅវិញបើប្រៀបធៀបនឹងឆ្នាំ ២០១៣ ដូចជានៅរាជធានីភ្នំពេញជាដើម និងមានកំណើនតិចតួចនៅតាមបណ្តាខេត្តមួយចំនួន។

២-កំណើនសំឡេងគាំទ្ររបស់គណបក្សប្រជាជនកម្ពុជានៅឆ្នាំ ២០១៧ នេះ ចេញមកពីយុវជន កម្មករ កម្មការិនី អាជីវករ ពាណិជ្ជករ និងមន្ត្រីរាជការដោយសារតែរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើការដឹកនាំរបស់ខ្លួនក្នុងនោះសម្រាប់យុវជន បានពង្រឹងគុណភាពអប់រំតាមរយៈទ្រឹស្តី «ចេះគឺជាប់» ការបង្កើតការងារ និងបង្កើនឱកាសការងារសម្រាប់យុវជន ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់យុវជន។ ចំពោះកម្មករ បានបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រោះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានជួយកម្មករ​ កម្មការិនីសព្វបែបយ៉ាងទាំងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកបណ្តាក់ទុនរកស៊ី បង្កើតការងារ និងផ្តល់នូវប្រាក់កម្រៃសមរម្យ ហើយត្រូវបានដំឡើងមួយឆ្នាំម្តងៗ និង បានបង្កើតឱ្យមានបេឡារបបសន្តិសុខសង្គម ព្រមទាំងរៀបចំប្រាក់សោធននិវត្តន៍សម្រាប់កម្មករទៀត និងអត្ថប្រយោជន៍ជាច្រើនទៀតដែលធ្វើឱ្យប្រាក់ខែគោលរបស់បងប្អូនកម្មករកើនឡើងជារៀងរាល់ឆ្នាំ ជួយលើកតម្កើងជីវភាពពួក គាត់បានច្រើន។

សម្រាប់មន្ត្រីរាជការ រាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សរ៍យ៉ាងច្រើន ក្នុងនោះគ្រាន់តែគ្រូបង្រៀននៅទូទាំងប្រទេសមានចំនួនជាង ១៤ ម៉ឺននាក់ ត្រូវបានដំឡើងប្រាក់ខែគោលដល់ជិត ១ លានរៀល។ មន្ត្រីរាជការសាធារណៈត្រូវបានដំឡើងកាំប្រាក់ ហើយអ្នកដែលមានសមត្ថភាពត្រូវបានផ្តល់ឱកាសសម្រាប់ការដំឡើងឋានៈ។ កំណើនការងារ និងការទទួលបានប្រាក់ខែកាន់តែខ្ពស់របស់កម្មករកម្មការិនីព្រមទាំងមន្យ្រីរាជការ និងបុគ្គលិកក្រុមហ៊ុនឯកជន ក៏បានផ្តល់ ប្រយោជន៍មកដល់អាជីវករដែរ។ ហេតុដូច្នេះហើយបានជានៅតាមតំបន់ដែលមានផ្សារធំៗ ដូចជារាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តកណ្តាល ពោធិ៍សាត់ តាកែវ កំពង់ស្ពឺជាដើម គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រលើសលុប បើប្រៀបធៀបនឹងតួលេខឆ្នាំ ២០១៣ ដោយប្រជាពលរដ្ឋបានបោះឆ្នោតដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមាន និងបន្តពូនជ្រុំគល់សន្តិភាព និងការអភិវឌ្ឍនេះឱ្យកាន់តែរីកធំធាត់ មានសុខភាពល្អ។

៣-បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលកាលពីឆ្នាំ ២០១៣ បានបោះឆ្នោតឱ្យគណបក្សប្រឆាំងដោយសារតែចង់ព្រមានមន្ត្រីខិលខូចមួយក្តាប់តូចដែលបង្ក ការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ បានសម្រេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាវិញដោយសារតែមើលឃើញពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់ របស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនជាពិសេសក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចរង្វង់ ៧,៧% ក្នុងមួយឆ្នាំ ហើយធ្វើឱ្យកម្រិតភាពក្រីក្ររបស់ប្រជាជនកម្ពុជាធ្លាក់មកនៅត្រឹមប្រមាណ ១១% នៅឆ្នាំ ២០១៦ កន្លងទៅ។ ម្យ៉ាងទៀត អ្នកដែលចង់ផ្លាស់ប្តូរមួយចំនួនបានងាកមករកការរក្សាសន្តិភាព និងការអភិវឌ្ឍវិញព្រោះពួកគាត់មិនអាចទុកចិត្តលើធនធានមនុស្សរបស់បក្សប្រឆាំងឡើយ នេះមិនគិតពីការធ្វើនយោបាយប្រជាភិថុត បោកប្រាស ភូតកុហក បំភ្លៃ បំផ្លើស បំភ័ន្តរាស្ត្រនោះទេ។ ជាង ២០ ឆ្នាំមកនេះ បក្សប្រឆាំងបានត្រឹមតែដើរញុះញង់ បញ្ឆេះកំហឹងវណ្ណៈ បង្កឱ្យមានការស្អប់ខ្ពើមគ្នារវាងខ្មែរ និងខ្មែរ រើសអើងប្រកាន់ពូជសាសន៍ និងបង្កចលាចលសង្គមតាមរយៈការដើរញុះញង់ធ្វើបាតុកម្ម ឬអំពាវនាវឱ្យបរទេសផ្តាច់ជំនួយ ដាក់សម្ពាធនយោបាយ និងអំពាវនាវឱ្យបរទេស ឈប់ទិញផលិតផលផលិតនៅកម្ពុជាជាដើម។ ដើម្បីមហិច្ឆតាអំណាច បក្សប្រឆាំងមិនខ្លាចនឹងរំលោភបំពានច្បាប់ ឬញុះញង់ឱ្យផ្ទុះកំហឹង និងអាងធ្វើជាជនរងគ្រោះអាជីព។ ដូច្នេះអ្នកដែលធ្លាប់គាំទ្របក្សនេះមួយចំនួនបានមកចូលរួមជីវភាពជាមួយបក្សប្រជាជន និងបានបោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជា។ សន្ទុះនៃការគាំទ្របក្សប្រជាជនកម្ពុជាក៏ខ្លាំងក្លាឡើងដែរ។

ជារួម គណបក្សប្រជាជនកម្ពុជាដែលទទួលបានសំឡេងគាំទ្រជាង ៣,៥ លាន សំឡេងនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅពេលនេះបាននាំមុខសំឡេងប្រមាណកន្លះលាន ហើយបើសិនជាគណនាជាអាសនៈសម្រាប់រដ្ឋ សភាក្នុងក្របខ័ណ្ឌអាសនៈ ១២៥ គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ៧១ អាសនៈ ចំណែកគណបក្សសង្គ្រោះជាតិទទួលបានត្រឹម ៥៤ អាសនៈ ថយចុះមួយអាសនៈ ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សឈ្នះការ បោះឆ្នោត ហើយដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភាបន្តទៀត ខណៈគណបក្សប្រជាជននៅពេលនេះទទួលបានសមាជិកក្រុមប្រឹក្សាជាង ៦ ពាន់ និងគ្រប់គ្រងឃុំសង្កាត់ប្រមាណ ៧០% ឬ ២/៣នៃឃុំសង្កាត់ក្នុងប្រទេសកម្ពុជា។

លទ្ធផលដែលទទួលបាននេះក៏បានឆ្លុះបញ្ចាំងថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាលបានដើរលើផ្លូវត្រូវទាំងក្នុងលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព គោរពសិទ្ធិមនុស្ស និងការថែរក្សាសន្តិភាព និងការអភិវឌ្ឍ ហើយ គណបក្សប្រជាជនកម្ពុជាជាបក្សសន្យា គឺធ្វើ មិនមែនដូចបក្សខ្លះធ្វើនយោបាយបោករាស្ត្រ ហើយឥឡូវនេះកំពុងវ័ណ្ឌកនឹងការសន្យាខ្យល់ឱ្យថវិកា ៥០ ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍឃុំសង្កាត់ ប្រសិនបើបោះឆ្នោតឱ្យបក្សខ្លួននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧៕

ដោយ៖ ចៅ ចាក់ស្មុក


No comments:

Post a Comment