Wednesday, June 14, 2017

អាជ្ញាធរជាតិអប្សរាសហការរៀបចំពិធីដាំកូនឈើអនុស្សាវរីយ៍អបអរសាទរសន្និសីទទេសចរណ៍អន្តរជាតិ

ដើម្បីជម្រុញការយល់ដឹងជាសាធារណ: និងបង្កើតអនុស្សាវរីយ៍ក្នុងឱកាសសន្និសីទលើកទី១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ប្រព្រឹត្តនាថ្ងៃទី១១-១៦ ខែមិថុនា  ឆ្នាំ២០១៧ ខេត្តសៀមរាប អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍រៀបចំពិធីដាំកូនឈើអនុស្សាវរីយ៍ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។

ពិធីដាំកូនឈើអនុស្សាវរីយ៍នេះរៀបចំនៅបរិវេណស្រះស្រង់ទល់មុខប្រាសាទបន្ទាយក្តី នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរអប្សរា លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង ប្រតិភូទេសចរណ៍២២ប្រទេស ដែលកំពុងចូលរួមប្រជុំនៅខេត្តសៀមរាប។

គួរបញ្ជាក់ថា កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសន្និសីទលើកទី១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធបើកក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧៕





No comments:

Post a Comment