Wednesday, June 14, 2017

ទស្សនវិ​ភាគ៖ ចាំមើល​លោក​ សម រង្ស៊ី​ ក្លាហាន​ហ៊ាន​ដេកគុក​ដូចមាត់​ថាឬ គ្រាន់​តែជាក្អាត់​ក្នុងក្អម?

លោក សម រង្ស៊ី ដែលគេស្គាល់ថា ជាមនុស្សកំសាក និងបានតែមាត់អួតអាងប្រៀបដូចក្អាត់ក្នុងក្អមនោះ បានបញ្ចេញវោហាសាស្ត្រក្អេងក្អាងជាថ្មីទៀតតាមរយៈវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី ១៣ មិថុនាថា បើសិនជារដ្ឋា​ភិ​បាល​លុបបទបញ្ជាដែលហាមមិនឲ្យក្រុមហ៊ុនយន្តហោះដឹករូបលោកមកកម្ពុជានោះចេញ លោកនឹងវិល​ត្រឡប់មកប្រ​ទេសកម្ពុជាវិញភ្លាម។ លោកបញ្ជាក់ថា លុបពេលណា លោកនឹងចូលស្រុកវិញពេលនោះ។
ភ្លាមៗក្រោយការអះអាងរបស់លោក សម រង្ស៊ី រាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេចមួយភ្លាមៗដោយលុប​ចោលបម្រាមនោះមែន មានន័យថា អំណឹះតទៅលោក សម រង្ស៊ី អាចវិលត្រឡប់ចូលស្រុកវិញពេលណាក៏បានដោយគ្មានការរារាំងឡើយ។ ប៉ុន្តែ សូមបញ្ជាក់ថា ការដកចេញបម្រាមខាងលើនេះមិនមែនជាការលើកលែងទោសឲ្យលោកសម រង្ស៊ី ទេ មានន័យថា អតីតមេបក្សប្រឆាំងរូបនេះនៅតែជាទណ្ឌិតដែលសមត្ថកិច្ចតាមចាប់ខ្លួនដាក់ពន្ធនាគារជានិច្ចពោលគឺបើលោក សម រង្ស៊ី ជាន់ដីកម្ពុជាពេលណា សមត្ថកិច្ចនឹងរង់ចាំស្វាគមន៍ជូនដំណើរគាត់ទៅកាន់ពន្ធនាគារព្រៃសជាក់ជាមិនខាន។
ឥឡូវនេះគេកំពុងរង់ចាំមើលថា តើលោកសម រង្ស៊ី ពិតជាមានសេចក្តីក្លាហានដូចមាត់គាត់ថាមែនឬក៏ជាគ្រាន់តែក្អេងក្អាងបានតែមាត់ដូចក្អាត់ក្នុងក្អមដូចដែលគេបានស្គាល់កន្លងទៅតែដដែលទេ? មានមនុស្សជាច្រើនដែលបានស្គាល់លោក សម រង្ស៊ី ច្បាស់ហ៊ានទាំងភ្នាល់ថា លោក សម រង្ស៊ី ប្រាកដជាមិនហ៊ានវិលចូលស្រុកវិញក្នុងស្ថានភាពបែបនេះទេ។ អ្វីដែលគាត់និយាយគ្រាន់តែជាលេសបិទបាំងភាពកំសាករបស់ខ្លួនតែប៉ុណ្ណោះ។ អតីតមេបក្សប្រឆាំងរូបនេះចូលចិត្តតែលេងវោហាសាស្ត្រអួតអាងថាខ្លួនជាអ្នកស្នេហាជាតិ អ្នកក្លាហាន អ្នកដែលមានឧត្តមគតិបង្រួបបង្រួមជាតិ ខំសម្តែងបំប្លែងទោសកំហុសធ្វើជាតួកំសត់ ប៉ុន្តែ តាមការពិត បុគ្គល សម រង្ស៊ី នេះគ្រាន់តែជាអ្នកសម្តែងបំភ្លៃ និងធ្វើអាជីវកម្មលើទោសកំហុសរបស់ខ្លួនដើម្បីឲ្យគេមើលឃើញថា ជាតួកំសត់ គួរឲ្យអាណិត តែតាមការពិត ខ្លួនជាមនុស្សបំពានច្បាប់ ជាតួយក្សពាក់មុខទេវតា និងជាបុរសកំសាកអត់បានការម្នាក់ដែលក្លែងខ្លួនជាបុរសជិះសេះស តែប៉ុណ្ណោះ។
ពេលនេះគឺជាដំណាក់កាលសាកល្បងដ៏សំខាន់ណាស់សម្រាប់វាស់ស្ទង់ការពិតអំពីបុគ្គល សម រង្ស៊ី។ បើគាត់ពិតជាមនុស្សក្លាហានដូចពាក្យនិយាយអួតអាងមែន គាត់ច្បាស់ជាមកដល់កម្ពុជាវិញ នៅថ្ងៃស្អែកឬខានស្អែកនេះហើយព្រោះគ្មានអ្នកណាហាមឃាត់គាត់មិនឲ្យមកទៀតទេ។ ហើយគាត់ក៏គ្មានលេសអ្វីលើកយកមកនិយាយទៀតដែរ។ ផ្ទុយទៅវិញ ប្រសិនបើលោក សម រង្ស៊ី មិនហ៊ានវិលត្រឡប់មកកម្ពុជាវិញដូចពាក្យគាត់អួតអាងទេនោះ គាត់គ្មានមុខអ្វីមកនិយាយបោកប្រាស់ពលរដ្ឋខ្មែរទៀតឡើយ។ គេអាចគិតទុកមុនថា លេសដែលលោក សម រង្ស៊ី អាចលើកមកបិទបាំងភាពកំសាករបស់ខ្លួនជាម្តងទៀតគឺថា មកពីអ្នកគាំទ្ររបស់ខ្លួន ឬមន្ត្រីបក្សរបស់ខ្លួនសំណូមពរមិនឲ្យមកពេលនេះទេ ដូចដែលគាត់ធ្លាប់បានប្រើរួចមកហើយ។ យ៉ាងណាក៏ដោយ អ្នកដែលបានស្តាប់សំដីលោក សម រង្ស៊ី តាមវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី ១៣ មិថុនា ប្រាកដជាមិនអាចទទួលយកបាននូវលេសណាមួយទៀតឡើយ។ ការលុបចោលបំរាមមិនឲ្យលោក សមរង្ស៊ី ចូលស្រុកវិញរបស់រាជរដ្ឋាភិបាលអាចចាត់ទុកថាជាការដេញទាន់ជាន់កែងលោក សម រង្ស៊ី ។
ដូច្នេះ ដល់កហើយលោក សម រង្ស៊ី នេះជាអ្វីដែលគេហៅថា តម្រិះជិះកឯង ឬក៏ថា ភូតច្រើនចាញ់អាត្មា។ យើងនឹងរង់ចាំមើលថា តើលោក សមរង្ស៊ី ហ៊ានដើរចូលគុកដូចដែលគាត់អួតក្អេងក្អាងមែនឬទេ?
ដោយ៖ អ្នកវិភាគតុកាហ្វេ


No comments:

Post a Comment