Wednesday, June 14, 2017

ចាប៉ី​ដងវែង​ខ្នាតយក្សត្រូវ​បាន​ដង្ហែទៅ​រក្សាទុក​នៅសាលា​ខេត្តបាត់​ដំបង​

ចាប៉ីដងវែងខ្នាតយក្ស ដែលផលិតឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមការជ្រោមជ្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងទៅនេះ ត្រូវបានដង្ហែទៅរក្សាទុកក្នុងបរិវេណសាលាខេត្តបាត់ដំបង ក្នុងផ្ទះបុរាណសម័យលោកម្ចាស់ ឈុំ អភ័យវង្ស (កថាថន) និងបានធ្វើពិធីប្រគល់ជូនដោយជោគជ័យនៅថ្ងៃទី១៣ ខែមិថុនា ឆ្នា២០១៧។
ការសម្រេចដង្ហែចាប៉ីដងវែងខ្នាតយក្ស ដែលបានបំបែកឯតទគ្គកម្មថ្នាក់ជាតិកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ទៅរក្សាទុកនៅក្នុងខេត្តបាត់ដំបងនៅពេលនេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការឯកភាពពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្របពេលដែលខេត្តបាត់ដំបង ក៏ជាខេត្តមួយដែលសម្បូណ៌ទៅដោយបេតិកភណ្ឌជាតិជាច្រើនផងដែរ។
លោកស្រី កែវ សុភាព ប្រធានមន្ទីរវប្បធម៌ខេត្តបាត់ដំបងមានប្រសាសន៍ថា ការទទួលបានចាប៉ីដងវែងខ្នាតយក្សនៅពេលនេះ គឺជាកិត្តិយសមួយដ៏ធំធេងរបស់ខេត្តបាត់ដំបង។ “ខ្ញុំពិតជារីករាយដែលខេត្តបាត់ដំបងបានទទួលចាប៉ីដងវែងដ៏ធំនេះ។ ចាប៉ីនឹងត្រូវដាក់ជូនបងប្អូនប្រជាពលរដ្ឋទូទៅចូលទស្សនាដើម្បីឲ្យពួកគាត់កាន់តែស្រឡាញ់កេរមរតករបស់ដូនតាយើង ហើយចូលរួមថែរក្សាឲ្យបានគង់វង្សតទៅ”។
លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងភូមិខ្ញុំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានប្រសាសន៍ក្នុងឱកាសបង្ហាញចាប៉ីដងវែងដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបងនិងប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ថា ការកសាងចាប៉ីដងវែងខ្នាតយក្សដាក់តាំងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងទៅនេះ គឺដើម្បីអបអរសាទរដែលចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូនាទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកបន្ថែមថា ការដង្ហែចាប៉ីដងវែងខ្នាតធំមករក្សាទុកក្នុងខេត្តបាត់ដំបងនេះ នឹងធ្វើឲ្យធ្វើប្រជាពលរដ្ឋកាន់តែច្រើនមានការចាប់អារម្មណ៍ ស្រឡាញ់ និងរួមចំណែកថែរក្សាបេតិកភណ្ឌនេះបានគង់វង្សយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ច័ន្ទ សុផល និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឯកឧត្តម ស រដ្ឋា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលរក្សាទុកចាប៉ីដងវែងខ្នាតធំនេះក្នុងអាគារបុរាណដែលមានអាយុកាលជាង១០០ឆ្នាំ។
សូមបញ្ជាក់ថា ចាប៉ីដងវែងខ្នាតធំ ដែលបានដាក់តាំងបង្ហាញក្នុងបរិវេណភូមិខ្ញុំនៅថ្ងៃអង្គរសង្រ្កាន្ត និងបានដង្ហែមករក្សាទុកក្នុងខេត្តបាត់ដំបងនេះ មានប្រវែង១០ម៉ែត្រកន្លះ មានតួស្នូកទទឹងប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និងកម្រាស់ ៦០សង់ទីម៉ែត្រ។ ដងចាប៉ីដែលមានប្រវែង៧,៧០ម៉ែត្រ។ ចំណែកស្នូកធ្វើអំពីឈើកុំប្លាកេ និងខ្សែចាប៉ីធ្វើអំពីខ្សែជ័រទំហំ៨៥សង់ទីម៉ែត្រ។ ប្រលួតចំនួន៣ ដែលមានទំហំ ១៨សង់ទីម៉ែត្រ និងបណ្តោយប្រវែង១,០៥ម៉ែត្រ ត្រូវបានរចនាក្បូរក្បាច់យ៉ាងប្រណីត៕




No comments:

Post a Comment