Thursday, March 02, 2017

លោក ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ នៃក្រសួងការបរទេស

នៅវិមានសន្តិភាព នារសៀលថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក ហ៊ុន សែន បានសម្តែងការសោមនស្សរីករាយចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងការបរទេសកម្ពុជា ដែលបានខិតខំជំរុញវិស័យការទូតបានកាន់តែល្អប្រសើរ។ បច្ចុប្បន្នកម្ពុជាបានចូលរួមក្នុងសកម្មភាពមនុស្សធម៌អន្តរជាតិយ៉ាងច្រើន ជាពិសេសជាមួយអង្គការសហប្រជាតិ។ លោកក៏បានមើលឃើញអំពីកង្វះខាត និងសេចក្តីត្រូវការចាំបាច់របស់ស្ថានទូត ខ្មែរនៅបរទេស ហើយបានសម្រេចផ្តល់ថវិកាបន្ថែម ២លានដុល្លារ ដើម្បីទិញសម្ភារៈមធ្យោបាយប្រើប្រាស់ឱ្យបានសមរម្យ។

ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល លោកតែងតែគិតគូរអំពីសុខទុក្ខមន្រ្តីរាជការ ជាពិសេសការដំឡើងប្រាក់ខែដែលមិនតិចជាង ៩៥ម៉ឺន ដែលនឹងត្រូវដំឡើងរួមជាមួយប្រាក់ឧបត្ថម្ភ ៥០,០០០ ម៉ឺនរៀល ក្នុងម្នាក់ៗនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០១៧ នេះទៀតផង។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ និងចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើនដល់មន្រ្តីទូតដែលកំពុងបំពេញបេសកកម្មទាំងនៅក្នុងស្រុក និងក្រៅប្រទេសដើម្បីប្រតិបត្តិការងារមានប្រសិទ្ធភាពល្អ ជាពិសេសក្នុងការផ្តល់នូវសេវានានាដល់ពលរដ្ឋកម្ពុជានៅក្រៅប្រទេស និងទេសចរជាដើម។ ទោះបីកំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៧.៧% ក្តី ប៉ុន្តែយើងត្រូវខិតខំឱ្យខ្លាំងឡើងថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យមន្រ្តីការទូតនៅបរទេសប្រើប្រាស់ជំនាញ ហើយសកម្មភាពចូលរួមផ្សព្វ​ផ្សាយអំពីសក្តានុពលកម្ពុជា ដើម្បីទាក់ទាញទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគទុនមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត។ ចំណុចសំខាន់មួយទៀត គឺត្រូវមានទំនាក់ទំនងការទូតល្អជាមួយប្រទេសជិតខាង ដែលនាំមកនូវសន្តិភាព សហប្រតិបត្តិការ និងផលប្រយោជន៍សម្រាប់ប្រជាជាតិយើងទាំងអស់គ្នា។

មុននឹងបិទពិធី លោក ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់គ្រឿងឥស្សរិយសដល់មន្រ្តីទូតដែលមានស្នាដៃល្អៗ។​ លោកក៏បានជូនពរឱ្យមន្រ្តីការទូតយើងទាំងអស់ ទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏មានសារៈសំខាន់របស់ប្រទេសជាតិ៕


No comments:

Post a Comment