Thursday, March 02, 2017

បក្សីចាំក្រុង ៖ សម រង្ស៊ី ធ្លាក់ទឹក ! ហៃអើ ហៃអើ !

១-ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៉ី បានប្រកាសលាលែងពីប្រធានគណបក្សសង្គ្រោះជាតិ ហើយគ្រប់គ្នាក្នុងបក្សនេះ នាំគ្នាលើកតម្កើងថា ជាវីរភាពដ៏អង់អាចក្លាហាន និងជាពលិកម្មដ៏អស្ចារ្យរបស់លោក សម រង្ស៊ី ដែលសុខចិត្តលះបង់តំណែងរបស់ខ្លួន ដោយមិនស្តាយស្រណោះសូម្បីតែបន្តិច ដើម្បីសង្គ្រោះកុំឱ្យគណបក្សរបស់គាត់រលាយដោយគាត់យល់តែឯងថា បើប្រធានបក្សមានស្ពាយទោសជាប់ខ្លួន នោះនាំឱ្យគណបក្សរលាយ។ ពួកអាម៉ីអាថោងក្នុងក្រុម សម រង្ស៊ី មិនត្រឹមនាំគ្នាជួយគិតថា ការសម្រចចិត្តជានយោបាយនេះខុស ឬត្រូវ បែរជានាំគ្នាស្រែកបន្ទរ ហៃអើ! ហៃអើ! ទៅវិញ។ មិនតែប៉ុណ្ណោះ ពួកក្រុម កឹម សុខា ជួយបន្ទរថា លោក សម រង្ស៊ី សុខចិត្តលះបង់ជីវិត កុំឱ្យតែជាតិរលាយ! លឺដូចនេះ សម រង្ស៊ី យកមកបន្ទរបន្ថែមតាមវិទ្យុនានា ហើយដើរពើងទ្រូងអួតពីវីរភាពរបស់ខ្លួន ថា ឧត្តុង្គឧត្តមណាស់ ឯពួកអាមីអាថោង នាំគ្នាស្រែកបន្ទរបន្ថែមថា ហៃអើ! ហៃអើ!  គិតទៅម្យ៉ាងដែរ !!!
២-ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិបានសម្រេចទទួលយកការលាលែងពីតំណែងរបស់លោក សម រង្ស៊ី និងប្រគល់សិទ្ធិជូនលោក កឹម សុខា ធ្វើជាប្រធានស្តីទីដឹកនាំគណបក្សរហូតដល់មានការជ្រើសរើសប្រធានថ្មី នាពេលសមាជគណបក្សដែលត្រូវកំណត់ធ្វើនៅខែមេសា ឆ្នាំ២០១៨។ គិតទៅអាចថា សល់ពេលវេលាយូរ ដើម្បីក្រុម សម រង្ស៊ី រៀបយុទ្ធសាស្រ្តឡើងវិញ ដើម្បីកុំឱ្យបាត់ម្ចាស់ការក្នុងការដឹកនាំបក្សក្នុងនាមជាក្រុមមានសំឡេងភាគច្រើន។ ប៉ុន្តែ មានឯណា ទេវតាមិនជួយសូម្បីតែពេលវេលាក៏មិនទុកឱ្យ​ ដូចនេះ ទំនាយទាយថា ត្រូវបែកខ្ញែក ឬរលាយ! ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សបានសម្រេចយកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៧ ដើម្បីរៀបចំសមាជវិសាមញ្ញគណបក្ស។ ចុះបើច្បាប់ដែលមិនទាន់ចូលជាធរមាននេះ ទុកពេលឱ្យដល់ទៅ ៩០ ថ្ងៃ ម៉េចក៏មិនទុកឱកាសឱ្យខ្លួនឯងដើម្បីដកថយរកយុទ្ធសាស្រ្តជាថ្មីទាន់អ្វីមិនទាន់ហួសពេល? មន្ត្រីដែលមានភ្នែកភ្លឺម៉េចមិនចាប់អារម្មណ៍ យ៉ាងហោចណាស់ក៏សួរនាំថា អ្នកណាជាអ្នកនាំ សម រង្ស៊ី ឱ្យសម្រេចចិត្តបែបខ្មោចចូលដូចនេះ ? ប៉ុន្តែ ម្នាក់ៗនាំគ្នាគិតថា សម រង្ស៊ី អ្នកនយោបាយចាស់វស្សា និងមានពួកបរទេសផ្តល់យោបល់ទៀត ដូចនេះ សម្រេចចិត្តមិនខុសទេ តែភ្លេចគិតថា អ្នកនយោបាយនេះ គឺជាអ្នកនយោបាយដែលធ្លាប់បានចាញ់ចាស់វស្សាផងដែរ! សម រង្ស៊ី ធ្លាក់ទឹកហើយ ! ហៃអើ ! ហៃអើ !
៣-ថ្ងៃស្អែក ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៧ អ្នកឃ្លាំមើលនយោបាយស្រុកខ្មែរនឹងនាំគ្នាកត់ត្រាចូលក្នុងក្រាំងប្រវត្តិសាស្រ្តរបស់ខ្លួន គឺ ជយោលោកប្រធាន កឹម សុខា ! ជយោ!​ ជយោ ! និង សម រង្ស៊ី ធ្លាក់ទឹកហើយ ! ហៃអើ ហៃអើ!  ថ្ងៃទី ០២ ខែមីនា នឹងក្លាយជា អង្សានៃជីវិតនយោបាយរបស់លោក សម រង្ស៊ី អ្នកនយោបាយចាញ់ចាស់វស្សា ហើយចាញ់ជារៀងរហូត។ គ្មានអីឈឺចាប់ជាងការបរាជ័យក្នុងដៃសម្ព័ន្ធមិត្តដែលលួចចាក់ពីក្រោយខ្នងនោះទេ! តើជឿទេ ? អ្នកមិនជឿ ទាល់តែអាចដោះសមីការមួយឱ្យចេញសិន ថាតើបើ កឹម សុខា មិនចុះចេញពីប្រធានបក្ស តើធ្វើដូចម្តេចដើម្បីអាចឱ្យ សម រង្ស៊ី ឡើងធ្វើប្រធានបក្សបាននៅពេលអាចត្រឡប់មកវិញ? តាមក្បួនយុទ្ធសាស្រ្ត កឹម សុខា នឹងមិនចុះចេញពីតំណែង ហើយប្រគល់ដៃពីរទៅ សម រង្ស៊ី វិញទេ! ប៉ុន្តែ ចាប់ពីស្អែកទៅ កឹម សុខា លែងប្រកាន់ខ្លួនជាប្រធានកូតាបក្សសិទ្ធិមនុស្សដូចមុនទៀតហើយ កឹម សុខា នឹងព្យាយាមធ្វើខ្លួនជាប្រធានគណបក្សសង្គ្រោះជាតិមួយដ៏ល្អ និងចិត្តទូលាយដ៏អស្ចារ្យម្នាក់ ប៉ុន្តែ គាត់សុំតែម្យ៉ាងគត់ពីមន្រ្តីកូតាខាង សម រង្ស៊ី គឺត្រូវចាត់ទុកគាត់ “កឹម សុខា” ជាប្រធានបក្សតែម្នាក់គត់នៃគណបក្សសង្គ្រោះជាតិ គឺមិនមែន សម រង្ស៊ី នោះទេ! ក្រោយពេលឡើងធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ យុទ្ធសាស្រ្តថ្មីរបស់ កឹម សុខា គឺ ទី១-បន្តប្រើ សម រង្ស៊ី ឱ្យអស់ថ្លៃ ដើម្បីជួយធ្វើនយោបាយឱ្យគណបក្សសង្រ្គោះជាតិ ទី២-ទាក់ទាញផង និងបង្រ្កាបផងក្រុម សម រង្ស៊ី និយម ទី៣-បន្សាបឥទ្ធិពលរបស់ សម រង្ស៊ី ក្នុងការធ្វើជាប្រធានស្រមោលគណបក្ស ទី៤-បង្រួបបង្រួមគណបក្សតាមរយៈការលើកទង់វៃសមរភូមិខាងក្រៅ ដើម្បីឱ្យបំភ្លេចរឿងបែកបាក់ខាងក្នុង និងទី៥-ខ្ទប់ការវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជាវិញ៕
បើខ្ញុំមានពេល ខ្ញុំ វិភាគជូនអំពីរឿងទាំងនេះបន្តទៀត !
ប្រភព៖FreshNews

No comments:

Post a Comment