Friday, February 10, 2017

ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបន្តចុះអប់រំផ្សព្វផ្សាយពីបេតិកភណ្ឌដល់អ្នកភូមិថ្នល់ទទឹង

ការថែរក្សា ការពារ និងអភិរក្សប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណីនិងបរិស្ថានដែលជាមរតកដូនតាដ៏ល្អឯកពីសំណាក់អាជ្ញាធរជាតិអប្សរាតែម្ខាងគឺមិនអាចទៅរួចទេ បើគ្មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់គូភាគីដែលជាប់ពាក់ព័ន្ធទាំងអស់នោះទេ ។
ដោយសារហេតុផលនេះហើយ បានជាអាជា្ញធរជាតិអប្សរាបង្កើតក្រុមការងារសហគមន៍ ដើម្បីចុះអប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងគ្រឹះស្ថានសិក្សានានាក្នុងខេត្តសៀមរាបទាំងមូលជាប្រចាំដើម្បីឲ្យគ្រប់គ្នាបានយល់ច្បាស់ពីតម្លៃពិតនៃបេតិកភណ្ឌ ហើយរួមគ្នាជួយថែរក្សាការពារនិងអភិរក្សនូវសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមការងារសហគមន៍ទី៥ប្រចាំស្រុកបន្ទាយស្រីដឹក នាំដោយឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុមរួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀតបានចុះអប់រំផ្សព្វផ្សាយពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋនៅភូមិថ្នល់ទទឹង ឃុំប្រដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបដើម្បីសហការគ្នាថែរក្សាការពារនិងអភិរក្សបេតិកភណ្ឌ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានលើកឡើងអំពីការដាក់តំបន់អង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរាសម្រាប់គ្រប់គ្រងតំបន់អង្គរ សិទ្ធិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ។ បន្ថែមពីនោះទៀត ឯកឧត្តម ក៏បានពន្យល់អំពីតួនាទីភារកិច្ចនិងកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរាក្នុងការថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ និងព្រៃឈើក្នុងតំបន់អង្គរផងដែរ។
លោក ភិន ថោង ក្រុមប្រឹក្សាឃុំ និងមេភូមិថ្នល់ទទឹង បានថ្លែងចំណាប់អារម្មណ៍ថាលោកពិតជាមានការពេញចិត្តណាស់ ហើយរីករាយចូលរួមសហការជាមួយអាជ្ញាធរជាតិអប្សរាឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីអប់រំផ្សព្វផ្សាយពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋក្នុងដែនដីរបស់លោក ព្រោះកម្មវិធីនេះល្អ វាបានផ្តល់នូវចំណេះដឹងច្រើនដល់ប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់បានយល់ច្បាស់ពីតម្លៃនិងអត្ថប្រយោជន៍បេតិកភណ្ឌ ព្រមទាំងដឹងពីតួនាទីរបស់ពួកគាត់ត្រូវចូលរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរាដើម្បីថែរក្សាបេតិកភណ្ឌដូនតាយើងទាំងអស់គ្នា៕


No comments:

Post a Comment