Friday, February 10, 2017

ក្នុងព្រឹកនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស

ព្រៃវែង៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះបានសម្រេចផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ និងសិស្សសរុប ២១ខ្នង ស្មើនឹង ២៧៧បន្ទប់។
សាលាដែលទទួលបានអគារសិក្សានេះរួមមាន៖ វិទ្យាល័យ ហ៊ុន សែន កំពង់លាវ វិទ្យាល័យព្រះអង្គឌួង សាលាគរុកោសល្យខេត្ត សាលាគរុកោសល្យភូមិភាគ ព្រមទាំងសាលាបឋសិក្សាអនុវត្តន៍។ ក្រៅពីការផ្តល់អគារសិក្សា លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចាត់ចែងឱ្យរៀបចំសាងសង់របង ក្លោងទ្វារសាលា និងសាងសង់តារាងបាល់ទាត់ បាល់ទះ ព្រមទាំងបានផ្តល់កុំព្យូទ័រ ម៉ាស៊ីនព្រីនធើ ម៉ាស៊ីនហ្វូតូកុំពី។
នៅក្នុងជំនួបសំណេះសំណាលដ៏ស្និទ្ធស្នាលជាមួយសិស្សគរុកោសល្យ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានឧបត្ថម្ភសម្រាប់ការដើរកម្សាន្តតាមសំណើរបស់ពួកគេផងដែរ។ ដំណើរកម្សាន្តនេះលោកនាយកមន្រ្ដីបានចាត់ចែងឱ្យលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ជាអ្នករ៉ាប់រង។
នៅចំពោះមុខក្រុមប្រឹក្សា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្តែងក្តីសប្បាយរីករាយ ដែលបានចុះមកជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមប្រឹក្សា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្ត ព្រមទាំងបានដោះស្រាយបញ្ហាខ្វះខាតអគារសិក្សា ជូនសិស្សានុសិស្ស៕



No comments:

Post a Comment