Friday, February 10, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធថែរក្សា សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានជម្រុញដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងខេត្តព្រៃវែងត្រូវខិតខំរួមគ្នា ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជាចំបងជូនប្រជាពលរដ្ឋ។
ជាងនេះទៅទៀត ត្រូវទប់ស្កាត់ឱ្យបានស្របតាមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសតែម្តង ព្រោះបញ្ហានេះជាចំណុចសំខាន់ដែលប្រជាពលរដ្ឋចង់បានក្នុងមូលដ្ឋាន។ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រី្តរាជការខេត្តព្រៃវែងនេះដែរ លោកនាយករដ្ឋមន្ត្រី បានលើកឡើងពីកត្តាសេដ្ឋកិច្ចក្នុងក្របខណ្ឌ ប្រទេសកម្ពុជាដែលចាត់ទុកថា ម៉ាក្រូសេដ្ឋកិច្ចកម្ពុជានៅតែទទួលបានកំណើនស្ថេរភាពល្អ ក្នុងរង្វង់៧ភាគរយ ខណៈដែលបញ្ហាសេដ្ឋកិច្ចកំពុងស្ថិតនៅក្នុងកង្វល់របស់ពិភពលោក។
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញឱ្យមានកំណើនសេវាកម្ម និងឧស្សាហកម្មកាន់តែច្រើន ដើម្បីចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះប្រទេសអភិវឌ្ឍធំៗគឺពឹងផ្អែក សំខាន់លើវិស័យសេវាកម្ម និងឧស្សហកម្ម។ ខណៈវិស័យដែលចូលរួមក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន រួមមានផ្នែកកសិកម្ម មានជាង១៩ភាគរយ វិស័យសេវាកម្ម មាន៣៩.៥ភាគរយ! ចំណូលពន្ធដារ មាន៧.២ភាគរយ។ ទោះបីជាកម្ពុជាគួរបង្កើនចំណូលវិស័យសេវាកម្ម និងឧស្សហកម្មក៏ដោយ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី នៅតែចង់ឱ្យវិស័យកសិកម្មរបស់កម្ពុជាទទួលបានទិន្នផលខ្ពស់។
ទន្ទឹមនេះប្រទេសកម្ពុជា ក៏កំពុងព្រួយបារម្ភពីតម្លៃកសិផល ជាពិសេសតម្លៃស្រូវអង្ករតែម្តង ដោយ លោក ហ៊ុន សែន បានមើលឃើញថា ប្រទេសអភិវឌ្ឍបានតម្លើងថ្លៃគ្រឿងម៉ាស៊ីន និងថ្នាំពេទ្យជាដើម ប៉ុន្តែមិនបានតម្លើងថ្លៃកសិផលសម្រាប់ប្រទេសកំពុងអភិវឌ្ឍនោះទេ។ ដូចគ្នានេះ ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ក៏បានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា ជួយជំរុញឱ្យតម្លៃស្រូវអង្ករ កើនឡើងជាងពេលបច្ចុប្បន្នផងដែរ។
តាមការបញ្ជាក់របស់អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានឱ្យដឹងថា ខេត្តព្រៃវែងជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ដែលប្រជាពលរដ្ឋប្រមាណ ៧៨,៦ ភាគរយ ជាគ្រួសារកសិករ។ ក្នុងនោះការងារបង្ករបង្កើនផលស្រូវប្រាំង ក្នុងឆ្នាំ២០១៦ អនុវត្តបានចំនួនជាង៧ម៉ឺន៧០០០ ហិកតាស្មើនឹង ១០៣ ,០៦ ភាគរយនៃផែនការសរុប។ រីឯ ស្រូវវស្សាឆ្នាំ២០១៦ អនុវត្តបានជាង ២៧ម៉ឺន ហិកតា ស្មើនឹង ១០៧,៣២ ភាគរយ នៃផែនការ៕







No comments:

Post a Comment