Friday, February 10, 2017

លោក ហ៊ុន សែន៖ ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងបំបាត់ឱ្យអស់នូវភាពអសកម្មនានាដែលអាចធ្វើឱ្យថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានថ្លែងថា មន្រ្តីត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងបំបាត់ឱ្យអស់នូវភាពអសកម្មនានាដែលអាចធ្វើឱ្យថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែងនៅថ្ងៃទី១០​ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

នៅក្នុងឱកាសនោះ ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានក្រើនរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ជាពិសេសគឺការបង្ក្រាបបទល្មើសគ្រឿងញៀន ចោរកម្ម ឆក់ប្លន់ ដើម្បីផ្តល់ភាពកក់ក្តៅ និង ធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ​។​ ទន្ទឹមនឹងនេះ ត្រូវ​យកចិត្តទុក​ដាក់ចំពោះការផ្តល់នូវសេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយបានលឿននិងមានប្រសិទ្ធភាពជាពិសេសសេវាតម្រូវការ ហើយត្រូវអនុវត្តតាមច្បាប់កំណត់។​ ​

លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថា មន្ត្រីត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានាដែលអាចធ្វើឱ្យថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ត្រូវសហការគាំទ្រគយ និងពន្ធដារក្នុងការប្រមូលពន្ធឱ្យមានប្រសិទ្ធភាព ដើម្បីពង្រឹងចំណូលថវិកាជាតិ។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព៕





No comments:

Post a Comment