Friday, February 10, 2017

លោក ទេព ងន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី កំណែទម្រង់វិស័យអប់រំនៅអាស៊ាន

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អនុប្រធានទី២ព្រឹទ្ធសភា លោក ទេព ងន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី កំណែទម្រង់វិស័យអប់រំនៅអាស៊ាន ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្ត្រីហ្វឹកហ្វឺនមកពីសភាឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងថៃផងដែរ។ ពិធីនេះរៀបចំឡើង ក្រោមកិច្ចសហការរវាងគណៈកម្មការទី៧ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានសភាកម្ពុជា (PIC) នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
ថ្លែងក្នុងឱកាសបើកអង្គសិក្ខាសាលា លោក ទេព ងន បានបញ្ជាក់ថា ធនធានមនុស្សដែលមានគុណភាព ប្រកបដោយចំណេះដឹង ជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ គឺជាគន្លឹះនាំទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ហើយគុណភាពធនធានមនុស្ស គឺអាស្រ័យទាំងស្រុងទៅលើការផ្តល់ការអប់រំដ៏ប្រសើរបំផុតដល់ប្រជាពលរដ្ឋតាំងពីកម្រិតមតេ្តយ្យ ដល់កម្រិតឧត្តម ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ កំណែទម្រង់ស៊ីជម្រៅ ក្នុងនោះកំណែទម្រង់អប់រំ គឺជាគោលនយោបាលដ៏សំខាន់ក្នុងអាណត្តិទី៥ នៃរដ្ឋសភា ហើយកំណែទម្រង់អប់រំនៅកម្ពុជា គឺជាដំណើរមួយដ៏ស្មុគស្មាញ ទាមទារនូវពេលវេលា និងការចូលរួមពីគ្រប់ដៃគូដែលពាក់ព័ន្ធ ក្នុងបរិបទតំបន់ ការអប់រំតួនាទីកាន់តែសំខាន់ក្នុងការជំរុញភាពជោគជ័យរបស់សហគមន៍អាស៊ាន។
លោក ទេព ងន ក៏បានបន្តទៀតថា កំណែទម្រង់ការអប់រំ គឺជាគោលដៅចម្បងរបស់ប្រទេស ស្ទើរតែទាំងអស់ក្នុងតំបន់ ហើយដែលមានស្ថានភាពនៃកំណែទម្រង់វិស័យអប់រំមានលក្ខណៈផ្សេងគ្នា និងមានបញ្ហាប្រឈមខុសៗគ្នាទៅតាមប្រទេសនីមួយៗ ជាពិសេសក្នុងសម័យបច្ចុប្បន្ននេះ លេចចេញនូវនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ចលើមូលដ្ឋាននៃចំណេះដឹង។ ជាមួយគ្នានេះដែរ លោកបានសម្តែងនូវក្តីសង្ឃឹមថា សិក្ខាសាលានាពេលនេះពិតជានឹងទទួលបាននូវព័ត៌មាន ដែលមានប្រយោជន៍កាន់តែសំខាន់សម្រាប់សភា ក្នុងការចូលរួមតាមដានដំណើរការអនុវត្តគោលនយោបាយកំណែទម្រង់ ជាពិសេសជាមូលដ្ឋាន ដើម្បីពិចារណាស្នើវិសោធនកម្មច្បាប់ជាធរមាន ឬការផ្តួចផ្តើមបង្កើតច្បាប់ ឬអនុម័តច្បាប់ថ្មីៗ ដើម្បីជំរុញប្រសិទ្ធភាពនៃការកែទម្រង់វិស័យអប់រំនេះផងដែរ៕







No comments:

Post a Comment