Thursday, January 12, 2017

លោក ឡេង ប៉េងឡុង ជួបពិភាក្សាការងារ ជាមួយប្រធានអង្គការសម្ព័ន្ធសន្តិភាពសកល- កម្ពុជា

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានទទួលជួបពិភាក្សាការងារជាមួយលោក ហាជីមិ សៃតុ (Mr Hajime Saito) ប្រធានអង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជានៅវិមានរដ្ឋសភា។ នៅក្នុងជំនួបពិភាក្សានេះលោក ហាជីមិ សៃតុ បានមានប្រសាសន៍ជម្រាបជូនលោក ឡេង ប៉េងឡុង ថាអង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជា មានគម្រោងអញ្ជើញលោក និងសមាជិក សមាជិការដ្ឋសភាកម្ពុជាទៅចូលរួមមហាសន្និបាតសន្តិភាពសកល ដែលនឹងប្រារព្ធធ្វើ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាធារណរដ្ឋកូរ៉េ។ ក្នុងនោះលោក ហាជីមិ សៃតុ បានបញ្ជាក់ថា អង្គការសម្ព័ន្ធសន្តិភាពសកលរបស់លោក មានបណ្តាញរបស់ខ្លួនជាង ១៨០ប្រទេស នៅលើពិភពលោក និងបានធ្វើការងារសំខាន់ៗផ្ដោតទៅលើការស្វែងរកសន្តិភាពជូនពិភពលោកផងដែរ។

ជាការឆ្លើយតបត្រឡប់ទៅវិញ លោក ឡេង ប៉េងឡុង បានថ្លែងអំណរគុណចំពោះលោកប្រធានអង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជា ដែលបានអញ្ជើញលោក និង សមាជិក សមាជិការដ្ឋសភាកម្ពុជាទៅចូលរួមក្នុងមហាសន្និបាតសន្តិភាពសកល នៅសាធារណរដ្ឋកូរ៉េ។ ប៉ុន្តែលោក មានការសោកស្តាយ ដោយមិនអាចលៃលកពេលវេលាដើម្បីទៅចូលរួមក្នុងកម្មវិធីនេះបាន ដោយសារថា លោកផ្ទាល់ ក៏ដូចជាសមាជិករដ្ឋសភាកម្ពុជានៅក្នុងឆ្នាំ២០១៧នេះ មានកិច្ចការមមាញឹកច្រើន និងម្យ៉ាងទៀតកម្ពុជា ក៏ជិតដល់ពេលរវល់ខ្លាំង ក្នុងកិច្ចការងារបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕



No comments:

Post a Comment