Thursday, January 12, 2017

ឆ្នាំ២០១៦កន្លងទៅនេះអាជ្ញាធរជាតិអប្សរាដាំកូនឈើបានជាង៦ម៉ឺនដើមក្នុងរមណីយដ្ឋានអង្គរ

កូនឈើចម្រុះគ្រប់ប្រភេទ ជាពិសេសប្រភេទឈើដែលមានពូជនៅតំបន់អង្គរស្រាប់ ត្រូវបានអាជ្ញាធរជាតិអប្សរាបណ្តុះនិងដាំបានចំនួន៦០៤៤៤ដើម លើផ្ទៃដីទំនេរក្នុងរមណីយដ្ឋានអង្គរទាំងមូល។ ចំនួននេះគឺបានឆ្លើយតបទៅនឹងផែនការប្រចាំឆ្នាំ ដែលអាជ្ញាធរជាតិអប្សរាបានកំណត់ដាំកូនឈើយ៉ាងតិច៦ម៉ឺនដើមក្នុងមួយឆ្នាំ។
លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា កូនឈើដែលបានដាំទាំងជាង៦ម៉ឺនដើមនេះ គឺដាំដោយក្រុមការងារព្រៃឈើផ្ទាល់ជាង៣ម៉ឺនដើម និងចែកជូនអង្គភាពពាក់ព័ន្ធដាំចំនួនជាង២ម៉ឺនដើម។
លោកបន្ថែមថា “កូនឈើដែលយើងបានដាំនេះ មិនរាប់បញ្ចូលទាំងកូនឈើដែលយើងចែកជូនប្រជាពលរដ្ឋយកទៅដាំតាមផ្ទះសម្បែងដើម្បីហូបផ្លែ ឬប្រើការផ្សេងៗទេ យើងគិតតែដីព្រៃសុទ្ធប៉ុណ្ណោះ។ យើងមានគម្រោងនិងបានជំរុញជាបណ្តើរៗឲ្យប្រជាពលរដ្ឋក្នុងតំបន់អង្គរចូលរួមដាំឈើ តាមផ្ទះរបស់គាត់ និងតាមភ្លឺស្រែ ដើម្បីបង្កើតគម្របព្រៃឈើ ក្នុងតំបន់អង្គរបានយ៉ាងតិច៦០%នាពេលអនាគត”។
តាមលោក ចាន់សាមៀន ព្រៃឈើក្នុងតំបន់អង្គរមានការកើនឡើងជាបន្តបន្ទាប់ដោយរាប់ចាប់ពីឆ្នាំ២០០៨ ។ លោកបញ្ជាក់ថា តាមទិន្នន័យដែលទទួលបានពីរដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០០៦ ព្រៃឈើក្នុងឧទ្យានអង្គរមានចំនួន៤៥៨៥ហិកតាដែលស្មើនឹង១១,៤៣%។ ក្នុងឆ្នាំ២០១៣ក្រុមអង្កេតព្រៃឈើបានរកឃើញផ្ទៃដីព្រៃកើនឡើងដល់៥៧៣៧ហិកតា ដែលស្មើនឹង១៤,៣%នៃឧទ្យានអង្គរទាំងមូល។ ការអង្កេតដែលធ្វើឡើងក្នងឆ្នាំ២០១៦កន្លងទៅនេះឃើញថា ព្រៃឈើក្នុងតំបន់អង្គរមានការកើនឡើងដល់៦៥០៥ហិកតា ដែលស្មើនឹង១៦,២២%នៃផ្ទៃដីឧទ្យានអង្គរទាំងមូល។
ទោះជាព្រៃឈើក្នុងតំបន់អង្គរមានការកើនឡើងជាបន្តបន្ទាប់យ៉ាងនេះក្តី លោកសាមៀនបញ្ជាក់ថា ដរាបណាប្រជាពលរដ្ឋមិនទាន់បានចូលរួមដាំឈើតាមផ្ទះសម្បែង និងតាមភ្លឺស្រែរបស់ពួកគាត់ទេ គម្របព្រៃឈើអង្គរ នៅតែមិនគ្រប់គ្រាន់ ព្រោះថា បើមើលតាមស្ថិតិជាក់ស្តែង ផ្ទៃដីកសិកម្មរបស់ពួកគាត់មានដល់ទៅជាង៥០% ហើយបើដីទាំងនោះពុំមានដើមឈើទេ នឹងទៅវាលធំធេង មិនអាចធ្វើឲ្យឧទ្យានអង្គរមានពណ៌បៃតងបានឡើយ។ “យើងជំរុញឲ្យប្រជាពលរដ្ឋចូលរួមដាំឈើតាមផ្ទះ និងតាមស្រែរបស់គាត់ដើម្បីធ្វើអុសដុត និងលក់ដូរ។ យើងបានណែនាំពួកគាត់ឲ្យដាំដើមកន្ធុំថេតតាមរបងផ្ទះ តាមភ្លឺស្រែ ព្រោះប្រភេទឈើនេះមានអត្ថប្រយោជន៍ច្រើនដូចជា ឆាប់ធំ ស្លឹកនិងផ្លែធ្លាក់ទៅបង្កើនជាតិអាសូតជាជីដល់ដីស្រែគាត់ ហើយពួកគាត់ក៏អាចបេះស្លឹកនិងផ្លែធ្វើអន្លក់ឬលក់ដូរបាន។ ជាពិសេស គាត់នឹងបានអុសដុតជាប្រចាំ មិនទៅកាប់ឈើក្នុងព្រៃអង្គរមកដុតទៀត”៕






No comments:

Post a Comment