Thursday, January 12, 2017

លោក​នាយករ​ដ្ឋមន្ត្រី ហ៊ុន សែន ៖ ដំណើរ​ការសាង​សង់​ទំនប់​ប្រព័ន្ធ​ធារាសាស្ត្រ នៅ​​ខេត្ត​​បាត់​ដំបង​បាន​សម្រេច ៩៨%

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់លោកថា មកត្រឹមថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧នេះ ដំណើរការសាងសង់ទំនប់ប្រព័ន្ធធារាសាស្ត្រដ៏ធំមួយ នៅខេត្តបាត់ដំបង បានសម្រេច ៩៨% ហើយ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា គម្រោងអភិវឌ្ឍន៍ ទំនប់ពហុបំណងបាត់ដំបង គឺស្ថិតនៅទីតាំងសំណង់មេ ក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន ២៨៦ លានម៉ែត្រគូប ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា ទឹកដែលប្រមូលស្តុកទុក នឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រូវ វស្សា ចំនួន ៤៧,០០០ ហិកតា និងស្រូវប្រាំង ចំនួន ១២,០០០ ហិកតា នៅក្នុងស្រុករតនមណ្ឌល ស្រុក បាណន់ ស្រុក សង្កែ និងស្រុកមោងឫស្សី ។ ទន្ទឹមនឹងនេះ ទំនប់ទឹកនេះក៏អាចទាញយកថាមពលវារីអគ្គិសនី ចំនួន ១៣,១០ មេហ្គាវ៉ាត់ ព្រមទាំងជួយកាត់បន្ថយទឹកជំនន់ និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ដល់ក្រុងបាត់ដំបងផងដែរ ។ គម្រោងអភិវឌ្ឍន៍ទំនប់ទឹកនេះ គឺគ្រោងនឹងបញ្ចប់ជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ លោកបាន បន្តថា លោកធ្លាប់ជាកូនកសិករ និងយល់ច្បាស់អំពីតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក ហ៊ុន សែន កំពុងជំរុញការអភិវឌ្ឍនៅទូទាំងប្រទេសដើម្បីប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរ និងរួចចាកផុតពីភាពក្រីក្រ៕






No comments:

Post a Comment