Thursday, January 12, 2017

ទស្សនៈវិភាគ៖ រាំខុសចង្វាក់គ្រោះថ្នាក់ដល់អ្នកជាប់ពន្ធនាគារ

ការខំស្រែកពីក្រៅប្រទេសរបស់ទណ្ឌិត សម រង្ស៊ី ដែលបាននិរទេសខ្លួនឯងមិនហ៊ានប្រឈមមុខចំពោះផ្លូវច្បាប់ក្នុងស្រុកនាពេលចុងក្រោយនេះ ត្រូវបានមើលឃើញថា មិនបានជួយសម្រួលស្ថានការណ៍អ្នកជាប់ឃុំជាមន្ត្រីសិទ្ធិមនុស្ស រួមជាមួយអគ្គលេខាធិការរង គជប មួយរូបពាក់ព័ន្ធករណីសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ
ឲ្យមានភាពធូរស្រាលនោះទេ។
ប៉ុន្តែបញ្ហានេះបែរជាបង្កើននូវសម្ពាធបន្ថែមទៀតទៅលើអ្នកទោសកំពុងជាប់ពន្ធនាគារ។
ជាក់ស្តែងនៅក្នុងជំនួបចរចារវាងប្រធានក្រុមមតិភាគច្រើន និងភាគតិចក្នុងរដ្ឋសភាថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ប្រធានក្រុមមតិភាគច្រើនក្នុងរដ្ឋសភា បានបង្ហើបឲ្យដឹងថា មន្ត្រីសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គជប មានសង្ឃឹមថា នឹងអាចត្រូវបានដោះលែងនៅចុងឆ្នាំ២០១៦។ ក៏ប៉ុន្តែពន្លឺនៃក្តីសង្ឃឹមរបស់អ្នកជាប់ឃុំទាំងនោះ ត្រូវបានរលាយទៅដោយវិញដោយសារតែលោក សម រង្ស៊ី បានដុតកម្តៅស្ថានការណ៍នយោបាយឲ្យក្តៅតាមរយៈការវាយប្រហារដោយត្រង់ៗទៅលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
បើតាមអ្នកវិភាគ និងតាមដានស្ថានការណ៍នយោបាយអះអាងថា លោក សម រង្ស៊ី គឺជាអ្នកដុតកម្តៅនយោបាយឡើងវិញ។ យ៉ាងណាក៏ដោយ អ្នកនៅក្នុងបក្សសង្គ្រោះជាតិ និងសាច់ញាតិរបស់សង្គមស៊ីវិល អគ្គលេខាធិការរង គជប ដែលកំពុងជាប់ឃុំដឹងខ្លួនច្បាស់ណាស់ ថា លោក សម រង្ស៊ី កំពុងយកអ្នកជាប់ឃុំជាចំណាប់ខ្មាំងនយោបាយ តថ្លៃជាមួយនឹងអនុប្រធានរបស់គាត់ គឺលោក កឹម សុខា ដែលកំពុងមានឥទ្ធិពលទាំងក្នុងបក្ស និងក្នុងរដ្ឋសភា។
រឿងមួយទៀតដែលលោក សម រង្ស៊ី កំពុងបារម្ភ ហើយបង្កើនការវាយប្រហារលើបក្សប្រជាជននោះ គឺ លោក សម រង្ស៊ី កំពុងនៅឯកោក្រៅប្រទេស បាត់អស់អ្នកគាំទ្រ ទើបគាត់ខំប្រឹងជាបញ្ចេញសារឥតឈប់ឈរ បើទោះជាសារទាំងនោះគ្មានន័យ គ្មានប្រយោជន៍ចំពោះពលរដ្ឋកម្ពុជាក្តី ក៏គាត់ខំស្រែកបំពងសំឡេងឡើងឲ្យគេលឺដែរ។ ទោះជាគាត់ខំស្រែកយ៉ាងណាក្តី ប៉ុន្តែគេបានដឹងថា បច្ចុប្បន្ន នៅគណបក្សសង្គ្រោះជាតិ កំពុងត្រៀមធ្វើបដិវត្តន៍ផ្ទៃក្នុងបក្សទៅហើយ គឺក្រុមលោក កឹម សុខា សម្ងំ តែរួមគ្នាតាំងពីលើដល់ក្រោម ធ្វើយ៉ាងណាឲ្យលោក សម រង្ស៊ី ខ្ទាតចេញពីតួនាទីដឹកនាំបក្ស។
ស្ថានភាពនេះហើយ បាននាំឲ្យលោក សម រង្ស៊ី ក្តៅក្រហាយនៅមិនសុខក៏បង្ករឿង ដើម្បីជាលេសវាយប្រហារទៅលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ហើយក៏ជាសារព្រមាន និងគំរាមទៅដល់លោក កឹម សុខា ដែរ ហើយចំណាប់ខ្មាំងដែលល្អបំផុតរបស់ សម រង្ស៊ី គឺរិះរកវិធីសម្អុយរដ្ឋាភិបាល លាបពណ៌ចោទប្រកាន់ មួលបង្កាច់ ចាក់ដោត ធ្វើយ៉ាងម៉េចឲ្យបក្សកាន់អំណាចខឹង ដោយ សម រង្ស៊ី ដឹងថា វិធីនេះ អ្នកជាប់ឃុំនឹងកាន់តែរងគ្រោះ ជាប់ឃុំកាន់តែយូរ នោះហើយដែលហុចឱកាសឲ្យគាត់ ( សម រង្ស៊ី) បង្កព្យុះផ្គរកាន់តែខ្លាំង ស្រែកជំទាលមកពីក្រៅប្រទេសថា រដ្ឋាភិបាលផ្តាច់ការ និងគាបលើដៃគូសន្ទនាជាដើម តែធាតុពិត ទាំងអស់នេះ សុទ្ធតែជាកលល្បិចបំផ្លាញ កឹម សុខា និងនាំរឿងស៊យដល់អ្នកជាប់ឃុំតែប៉ុណ្ណោះ។
នេះហើយដែលគេហៅថា ជានយោបាយ បើអញមិនបានតំណែង មិនបានដឹកនាំ អ្នកណា ក៏មិនបានសុខដែរ។
ក្រោយពីការវាយប្រហារធ្ងន់ៗជាបន្ដបន្ទាប់លើគណបក្សកាន់អំណាចដោយទណ្ឌិត សម រង្ស៊ី ដោយចោទថា បក្សកាន់អំណាចគាបសង្កត់បក្សប្រឆាំង និងថា ប៉ុនប៉ងបំបែករូបគាត់ពី កឹម សុខា ឬថា បក្សប្រឆាំងគ្មានឆន្ទៈចរចាដោះស្រាយបញ្ហាជាតិជាដើម បានធ្វើឲ្យអ្នកវិភាគយល់ថា បក្សប្រឆាំងទៅវិញទេដែលជាដៃគូមិនស្មោះត្រង់ ហើយបើវិធីស្មោគគ្រោកនេះ មិនត្រូវបានបញ្ឈប់ទេ នឹងផ្តល់គ្រោះថ្នាក់កាន់តែខ្លាំងដល់លោក កឹម សុខា ដែលកំពុងទ្របក្សសង្គ្រោះជាតិដោយដៃម្ខាងទប់ទល់ជាមួយនឹងកំហឹងរបស់ សម រង្ស៊ី និងដៃម្ខាងទៀតលាក់ពុតមិនចង់ឲ្យបក្សកាន់អំណាចដឹងថា ខ្លួនគាត់កំពុងសម្ងំកសាងឥទ្ធិពលក្នុងបក្ស ។ ដូច្នេះ បើលោក កឹម សុខា ហក់លោតតាម សម រង្ស៊ី ក៏អាចប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌមួយចំនួនសើររើវិញផងក៏មិនដឹង។
ដូច្នេះ ខណៈនេះ បើទណ្ឌិត សម រង្ស៊ី កាន់តែបង្កើនល្បឿនវាយប្រហារលើបក្សកាន់អំណាច វាអាចនឹងគ្រោះថ្នាក់ដល់បក្សសង្គ្រោះជាតិទាំងមូលក៏ថាបាន ពីព្រោះកូនសោរ ស្ថិតនៅលើដៃលោក ហ៊ុន សែន ដែលជាអ្នកបានជួយសង្គ្រោះ កឹម សុខា ពីភពងងឹត។

អ្នកវិភាគនយោបាយមួយចំនួន បានរិះគន់លោក សម រង្ស៊ី ថា ជាអ្នកនយោបាយមិនស្គាល់កាលៈទេសៈ ឬជាអ្នកនយោបាយមាត់ឥតគំរប ដើរវ៉ៃប៉ោតវ៉ៃឆ្នាំងបង្កបញ្ហាស្មុគ្រស្មាញដល់គេឯង ដើម្បីតែអំណាចផ្ទាល់ខ្លួន។ អ្នកវិភាគចាត់ទុកលោក សម រង្ស៊ី ជាមនុស្សដែលមានទេពកោសល្យមួយរូប ដែលសម្ដៅទៅលើការរកឃើញនូវគំនិតឥតប្រយោជន៍ និងនាំតែអំពល់ដល់ប្រជាជន ក៏ដូចជាប្រទេសជាតិ។ ក្នុងក្របខណ្ឌនេះប្រសិនបើលោក សម រង្ស៊ី ចង់ឲ្យអ្នកជាប់ឃុំមានសេរីភាពមែននោះ គួរតែលោកបង្ហាញឥរិយាបថទន់ភ្លន់ឲ្យដូចលោក កឹម សុខា ក្នុងគោលដៅចរចារកដំណោះ
ស្រាយជាមួយគណបក្សកាន់អំណាចវិញ ដែលមិនគួរគាប់បីបក្សខ្លួនកំពុងថមថយឥទ្ធិពលហើយ ប្រឹងស្រែកបែបក្អាត់ក្នុងក្អមនោះទេ។ ពាក្យចាស់លោកពោលថា បើមិនបានជួយចូកជួយចែវ កុំយកជើងទៅរាទឹក។ ពាក្យនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា បុគ្គល សម រង្ស៊ី ជាមនុស្សដែលរារាំងសមិទ្ធផលដែលបានកើតមាន និងបន្ដកើតមាន ក្រោមការចរចារវាងលោក កឹមសុខាជាមួយនឹងប្រមុខដឹកនាំគណបក្សកាន់អំណាច។ នេះហើយជាចរិតមេដឹកនាំ
គណបក្សប្រឆាំងរត់ចោលស្រុក គឺទណ្ឌិត សម រង្ស៊ី បាននិងកំពុងតែរាំខុសចង្វាក់ ដែលអាចនឹងនាំឲ្យគ្រោះថ្នាក់កាន់តែខ្លាំងដល់អ្នកជាប់ឃុំ ដោយសារតែ សម រង្ស៊ី យកអ្នកទោសទាំងនោះធ្វើជាចំណាប់ខ្មាំងដើម្បី វាយប្រហារ តថ្លៃជាមួយបក្សកាន់អំណាចនេះឯង ប៉ុន្តែ ទណ្ឌិត សម រង្ស៊ី អាចនឹងភ្លេចគិតថា លោក ហ៊ុន សែន ធ្លាប់បានព្រមានហើយថា លោកធ្វើអ្វីមួយមិនស្ថិតក្រោមសម្ពាធរបស់នរណាម្នាក់ឡើយ ហើយសូមកុំលេងឱ្យសោះ ការគាបសង្កត់ពីអន្តរជាតិទៅលើរូបគាត់ ។ បើគាបកាន់តែខ្លាំង អ្នកទាំងនោះអាចនឹងកាន់តែជាប់ឃុំកាន់តែយូរ ៕


No comments:

Post a Comment