Thursday, January 12, 2017

វិស័យ​កាត់​ដេរបាន​ស្រូប​យក​កម្លាំង​ ពល​កម្ម​ជាង​៩សែន​នាក់​នៅ​ឆ្នាំ២០១៦​

ភ្នំពេញ៖ របាយការណ៍អគ្គនាយកដ្ឋានឧស្សាហកម្ម បានបង្ហាញថា ឆ្នាំ២០១៦ កម្ពុជា មានរោងចក្រកើនឡើងដល់១.៥៧៩ ក្នុងនោះវិស័យនេះ បានស្រូបយកកម្លាំងពលកម្មបម្រើការងារ មានចំនួន៩២១.៨៥៨នាក់ផងដែរ។
របាយការណ៍បង្ហាញថា ក្នុងនោះពលករបម្រើ ការងារលើផ្នែកវិស័យឧស្សាហកម្មតម្បាញ កាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូបមានចំនួន៧៩៨.៨១៥នាក់ បើគិតជាភាគរយប្រៀបធៀបទៅនឹងឆ្នាំ២០១៥ នៅក្នុងរយៈពេលដូចគ្នា គឺកើន ឡើងចំនួន៧% ក្នុងនោះសម្រាប់ពលកម្មដែលបានបង្កើតថ្មីនៅក្នុងឆ្នាំ២០១៦ រាប់បញ្ចូលទាំងពលករស្ថិតក្នុងគម្រោង ផែនការផងនោះ មានចំនួន៦២.៣១២នាក់ ។
ពាក់ព័ន្ធ នឹងការកើនឡើងនៅក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម ចំនួនរោងចក្រតាមផ្នែកនីមួយៗ មានការកើនឡើងដូចជា ផ្នែកអាហារ ភេសជ្ជៈ និងបារី មានចំនួន១៣៥រោងចក្រ ស្មើនឹង១២,៥% ផ្នែកឧស្សាហកម្មតម្បាញ កាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប មានចំនួនជាង១.០៧៩រោងចក្រ ស្មើនិង៧,១៥% ផ្នែកផលិតផលពី ក្រដាស មានចំនួន៤៣រោងចក្រ ស្មើនឹង១៣,១៥% ផ្នែកលោហៈរ៉ែមិនមែនលោហៈ មានចំនួន៣១រោងចក្រ ស្មើនឹង១៩,២៣% ផ្នែកឧស្សាហកម្មគីមី កៅស៊ូ និងប្លាស្ទិក មានចំនួន១១០រោងចក្រ ស្មើនឹង១០% ផ្នែក ឧស្សាហកម្មកែច្នៃលោហៈ មានចំនួន១១រោងចក្រ ស្មើនឹង១១% ផ្នែកសង្ហារឹម មាន៣៤រោងចក្រ ស្មើនឹង២១,៤៣% និងផ្នែកឧស្សាហកម្មផ្សេងៗទៀត មានចំនួន៣៦រោងចក្រ ស្មើនឹង១៦,១២%ផងដែរ៕

No comments:

Post a Comment