Thursday, January 12, 2017

លោករដ្ឋម​ន្ត្រីក្រសួង​ការ​បរទេស​កម្ពុជា ជួបពិ​ភាក្សាការងា​រ​ជា​មួយ​តំណាង​​ថ្មី អង្គ​ការស្ត្រីរប​ស់អង្គកា​រសហ​ប្រជាជាតិ

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសកម្ពុជា បានទទួលជួបលោកស្រី Janet Wong តំណាងថ្មីនៃអង្គការស្ត្រីរបស់អង្គការសហប្រជាជាតិ (UN WOMEN) នៅឯទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី ១២ ខែមករា ២០១៧ ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងថា ក្នុងជំនួបនោះ លោក ប្រាក់ សុខុន បានសម្តែងការស្វាគមន៍ចំពោះបេសកកម្មរបស់លោកស្រីនៅកម្ពុជា ហើយលោកបាន វាយតម្លៃខ្ពស់ចំពោះការិយាល័យអង្គការស្ត្រីរបស់អង្គការសហប្រជាជាតិ ដែលបានជួយដល់កម្ពុជា ជាពិសេសស្ត្រីកម្ពុជាក្នុងកិច្ចការអភិវឌ្ឍ និងការពារសិទ្ធិស្ត្រីកម្ពុជា។
លោក ប្រាក់ សុខុន ក៏បានសន្យាថា ក្រសួងការបរទេស នឹងបន្តសហការជាមួយអង្គការស្ត្រី ដើម្បីឱ្យបេសកកម្មរបស់លោកស្រីទទួលបានជោគជ័យ។ លោកក៏បានជម្រាបជូនលោកស្រី Janet Wong ថា កន្លងមក ក្រសួងការបរទេសកម្ពុជា បានប្រឹងប្រែងជួយសង្គ្រោះស្ត្រីកម្ពុជាជាច្រើនដែលរងគ្រោះនៅពេលទៅធ្វើការនៅក្រៅប្រទេស។ ជាមួយគ្នា នោះលោកស្រី Janet Wong សម្តែងនូវក្តីរីករាយដែលបានមកបំពេញការងារនៅកម្ពុជាផងដែរ។
លោកស្រីបានរម្លឹកថា ការិយាល័យស្ត្រីប្រចាំនៅកម្ពុជា ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០១០ ។ លោកស្រីប្តេជ្ញាថា នឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកិច្ចការនារីដើម្បីអនុវត្តឱ្យបានសម្រេចនូវគោលដៅសំខាន់ៗចំនួន៣ ពាក់ព័ន្ធនឹងស្ត្រីកម្ពុជា រួមមានការលើកស្ទួយសមភាពយេនឌ័រ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងការទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងស្ត្រី និងស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់អង្កការសហប្រជាជាតិ។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានលើការងារស្ត្រី នាពេលកន្លងមក។
លោក ជុំ សុន្ទរី បានបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៥ អង្គការស្ត្រីរបស់អង្គការសហប្រជាជាតិបានចំណាយថវិកាប្រមាណ២លានដុល្លារអាមេរិក ជួយដល់ការងារស្ត្រីនៅកម្ពុជា តាមរយៈរៀបចំកម្មវិធីផ្សេងៗ។ តាមគម្រោង អង្គការនឹងចំណាយថវិកាប្រមាណ ៥លានដុល្លារអាមេរិកបន្ថែមទៀត ក្នុងការជួយលើការងារនេះ សម្រាប់ឆ្នាំ២០១៦ ដល់ ២០១៨ ៕


No comments:

Post a Comment