Thursday, January 12, 2017

មន្ទីរ​ពេទ្យកាល់​ម៉ែត និង​មន្ទីរ​ពេទ្យ តា​ន តុក​សេង សិង្ហ​បុរី ព្រម​ព្រៀងបន្ត​សហការ​លើ​ជំនាញ​សង្គ្រោះ​បន្ទាន់

មន្ទីរពេទ្យកាល់ម៉ែត បានបន្តកិច្ចសហប្រតិបត្តិការ ទទួលយកការបណ្ដុះបណ្ដាលជំនាញសង្គ្រោះដោយគ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ធ្ងរ ពីមន្ទីរពេទ្យ តាន តុកសេង នៃប្រទេសសិង្ហបុរី ដើម្បីអភិវឌ្ឍការសង្គ្រោះឱ្យកាន់តែមានគុណភាព។
ពិធីចុះហត្ថលេខាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នានេះ ត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី ១០ មករា ២០១៧ ក្រោមអធិបតីភាពលោក តូនី កេងយ៉ាំ ប្រធានាធិបតីនៃប្រទេសសិង្ហបុរី និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ ក្រោយពិធីចុះអនុស្សរណៈយោគយល់ មន្ទីរពេទ្យកាល់ម៉ែត បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងភាគីប្រទេសសិង្ហបុរីរយៈពេល៣ឆ្នាំបន្តទៀត លើគម្រោងបណ្ដុះបណ្ដាលផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកសង្គ្រោះកម្រិតធ្ងន់ធ្ងរឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងកម្រិតប្រទេសជឿនលឿន ដោយយកប្រទេសសិង្ហបុរីជាគោល។  លោកបានបញ្ជាក់ទៀតថា មន្ទីរពេទ្យគ្រោងនឹងបន្តកិច្ចសហការជាបន្តទៀត ដូចជា វគ្គបណ្ដុះបណ្ដាលលើការថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាពឆ្លើយតបទៅនឹងងតម្រូវការរបស់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ក្នុងគោលដៅលើកស្ទួយគុណភាពសេវារបស់មន្ទីរពេទ្យឱ្យកាន់តែប្រសើរថែមទៀត។
គួរបញ្ជាក់ថា មន្ទីរពេទ្យកាល់ម៉ែតបានសហការជាមួយ និងមន្ទីរពេទ្យ តាន តុកសេង របស់សិង្ហបុរី អស់រយៈពេល៣ឆ្នាំមកហើយ ដោយមន្ទីរខាងសិង្ហបុរីបានបណ្ដុះបណ្ដាលដល់គ្រូបង្គោល របស់មន្ទីរពេទ្យកាល់ម៉ែតប្រមាណ១០០ នាក់ លើផ្នែកការជួយសង្គ្រោះផ្នែកប៉ះទង្គិចដោយសារគ្រោះថ្នាក់ចរាចរណ៍ និងផ្នែកប៉ះទង្គិចផ្សេងៗ និងបានជួយឧបត្ថម្ភនូវសម្ភារៈសម្រាប់ការបណ្ដុះបណ្ដាលថែមទៀត។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការថ្មីនេះ បានធ្វើឡើងចំពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនៃប្រទេសសិង្ហបុរីមកកាន់ប្រទេសកម្ពុជារយៈពេល៤ថ្ងៃ៕

No comments:

Post a Comment