Monday, June 06, 2016

ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ចាប់ផ្តើមបើកកញ្ចប់ស្នាមមេដៃអ្នកគាំទ្រ CNRP ដើម្បីធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ

ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធាន​គណៈ​កម្មការ​​ស្រាវ​​​ជ្រាវ និងធ្វើកោសល្យវិច្ច័យ បានចាប់ផ្តើមបើកកញ្ចប់ស្នាមមេដៃ អ្នកគាំទ្រ​គណ​បក្ស​​​សង្រ្គោះ​​​ជាតិ (CNRP) ដែលហែថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរម​នាថ នរោត្តម សីហមុនី ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ​​២០១៦​នេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធាន​ប្រធាន​គណៈ​​កម្មការ​ស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យស្នាមមេដៃ បានថ្លែងឱ្យដឹងថា គណៈក​ម្មការ​បាន​ចាប់​ផ្តើម​បើកកញ្ចប់ ហើយដើម្បីធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ តែលទ្ធផល​យ៉ាង​ណា​នោះ ឯកឧត្តម មិន​ទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះស្នាមមេដៃមានច្រើនហើយត្រូវ​ចំ​ណាយ​​​​ពេលយូរ​ទៀត​​ក្នុងការស្រាវជ្រាវឲ្យបានច្បាស់លាស់។
គួររំលឹកថា កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ តំណាងដោយឯកឧត្តម យ៉ែម បុញ្ញរិទ្ធ បានធ្វើញត្តិមួយអមដោយ ស្នាមមេដៃ​របស់​ប្រជា​ពល​រដ្ឋ​​ចំនួន ១៨ដុំ ស្មើនឹងជាង ១៧ម៉ឺនស្នាមមេដៃ ដង្ហែទៅថ្វាយព្រះមហាក្សត្រខ្មែរដោយទាម​ទារ​​ឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤រូប អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំ​ការ​បោះ​ឆ្នោត១រូប។ ក្នុងញត្តិ ក៏ទាមទារឲ្យដោះលែងសកម្មជនមន្រ្តីជាន់ខ្ពស់ និង​តំណាង​រាស្រ្ត គណបក្ស​គណបក្សសង្រ្គោះជាតិ ព្រមទាំងទាមទារឲ្យទម្លាក់ចោល​ការចោទ​ប្រកាន់ ទៅ​លើ​ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិផងដែរ។
បន្ទាប់ពីការប្រគល់ញត្តិនេះ មានព័ត៌មានទម្លាយថា ក្នុងញត្តិមានករណីមិនប្រក្រតីមួយចំនួន ក្នុង​ការប្រមូលស្នាមមេដៃរបស់ប្រជាពលរដ្ឋ។ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ និងចៀសវាងការ​បោកប្រាស់ព្រះមហាក្សត្រ នាំឲ្យប៉ះពាល់ដល់ព្រះកិត្តិស័ព្ទរបស់ព្រះអង្គនោះ នៅថ្ងៃទី៣១ ខែ​ឧសភា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ភារកិច្ច ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រៀបចំស្រាវជ្រាវស្នាមមេដៃ តាមវិធីសាស្រ្តធ្វើ​កោសល្យ​វិច្ច័យ ស្រាវជ្រាវពីប្រជាជនដោយផ្ទាល់ ឬតាមវិធីសាស្រ្តផ្សេងៗទៀត។
ក្នុងលិខិតប្រគល់ភារកិច្ចនោះបានស្នើឲ្យរៀបចំស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុតដើម្បីចៀស​វាង​​ការ​​ប្រើប្រាស់ស្នាមមេដៃ បោកប្រាស់ទាំងប្រជាជន ជាពិសេសបោកប្រាស់​ព្រះមហាក្សត្រ​។

ឯកឧត្តមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏ធ្លាប់បានបញ្ជាក់ថា បើ​ក្នុង​​ករណី​រកឃើញថា ស្នាមមេដៃមានភាពមិនប្រក្រតីមែននោះ អ្នកយកស្នាមមេដៃថ្វាយព្រះ​មហាក្សត្រ​ គឺជាអ្នកទទួលខុសត្រូវ ព្រោះវាជាការក្លែងបន្លំឯកសារសាធារណៈ ហើយ​ជា​ការ​ប្រមាថ​ធ្ងន់​ធ្ងរចំពោះព្រះកិត្តិស័ព្ទរបស់ព្រះមហាក្សត្រ៕




No comments:

Post a Comment