Monday, June 06, 2016

ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈជូន​ដំណឹង​ដល់​​សាធារណជន អំពីនីតិវិធី ក្នុងការ កំណត់​ប្រាក់ឈ្នួល​អប្បបរមា

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈចុះ ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា តាមស្មារតីឯកភាពជាឯកច្ឆ័ន្ទ របស់ត្រី ភាគីក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ លើកទី៧ ទី៨ និងលើកទី៩ នៃអាណត្តិទី៨ កាលពីឆ្នាំ២០១៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជម្រាបជូនសារជាថ្មីម្តងទៀត ដល់សាធារណជន កម្មករនិយោជិត និយោជក អង្គការវិជ្ជាជីវៈ អង្គការជាតិ និងអន្តរជាតិ អំពីនីតិវិធី និងកាលបរិច្ឆេទ  ​ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៧ ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានការពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់ ឆ្នាំ២០១៧ ដែលត្រូវអនុវត្តតាមប្រតិទិនដូចតទៅ៖ កំណត់យកខែកក្កដា ឆ្នាំ២០១៦ ជាការ ចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ កំណត់យក ខែសីហា ឆ្នាំ២០១៦ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈទ្វេភាគី កំណត់យកខែកញ្ញា ឆ្នាំ២០១៦ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈ ត្រីភាគី កំណត់យកដើមខែតុលា ឆ្នាំ២០១៦ ជាការបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ        ​​​​​ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ ឆ្នាំ២០១៧     ​​  ​​និងកំណត់យកថ្ងៃទី០១ខែមករា ឆ្នាំ២០១៧ ជាកាលបរិច្ឆេទចូល ជាធរមាន ប្រាក់ឈ្នួលអប្បបរមា។
សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ទៀតថា គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណ វិនិច្ឆ័យ បែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និង លក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែង ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការ ពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។
ក្រសួងក៏សូមរំ៎ឮកដល់គ្រប់ភាគីពាក់ព័ន្ធ​​ត្រូវផ្តោតលើទិន្នន័យ ​​និងការស្រាវជ្រាវបែបវិទ្យា សាស្ត្រ ដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧​​​​​​ ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ ២០១៤ ធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមមួយ។

សេចក្តីប្រកាសព័ត៌មានក៏បានបន្ថែមទៀតថា គណៈកម្មការប្រឹក្សាការងារនឹងបង្កើតឲ្យមាន ក្រុមការងារបច្ចេកទេសត្រីភាគី ដែលមានសមាជិកស្មើៗគ្នាមកពីភាគីកម្មករនិយោជិត ភាគី និយោជក និងភាគីរាជរដ្ឋាភិបាល ដោយភាគីនីមួយៗត្រូវពិភាក្សាឲ្យ មានការឯកភាព ផ្ទៃ ក្នុងជាមុន និងត្រូវផ្តល់សិទ្ធិពេញលេញជូនតំណាងរបស់ខ្លួន ដែលមកចូលរួម ប្រជុំពិភាក្សា ប្រាក់ឈ្នួលអប្បបរមា ក្នុងការលើកសំណើជូនគណៈកម្មការប្រឹក្សាការងារពិភាក្សាបន្ត។ គណៈកម្មការប្រឹក្សាការងារ នឹងពិនិត្យសម្រេចលើសំណើ ដែលបានលើកឡើងដោយ ក្រុមការងារបច្ចេកទេសត្រីភាគីនេះ ដើម្បីស្នើ សុំគោលការណ៍ពីរាជរដ្ឋាភិបាល៕




No comments:

Post a Comment