Monday, June 06, 2016

គណបក្សនយោបាយមួយ​មិនគួរទុកឲ្យបុគ្គលម្នាក់​ឬពីរនាក់បំផ្លាញបក្ស​តាមរយៈការការពារ​អំពើខុសច្បាប់​របស់បុគ្គល​នោះឡើយ!

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ដូចនេះ​នៅក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីកាត់ឫស្សសីមាព្រះវិហារ វត្តមឿងចារ្យលិខិតារាមស្ថិត​​​នៅភូមិមឿង ចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ​២០១៦​​នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្គការចាត់តាំងនយោបាយ ឬអង្គការចាត់តាំង​មនុស្ស​ធម៌​មួយចំនួន មិនគួរទុកឲ្យបុគ្គលម្នាក់ ឬពីរនាក់បំផ្លាញនូវបក្សនយោបាយមួយ ឬបំផ្លាញនូវ​អង្គការចាត់តាំងនយោបាយមួយ តាមរយៈការការពារអំពើខុសច្បាប់ របស់បុគ្គលនោះទេ ហើយ​​​អ្នកប្រព្រឹត្តិខុស ត្រូវហ៊ានចេញមុខមកទទួលខុស។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មិនបានសំដៅចំបក្សនយោបាយណាមួយនោះទេ តែអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា អាចដឹងបានថា ប្រសាសន៍របស់ សម្តេច​តេជោ អាចនឹងសំដៅដល់គណបក្សសង្រ្គោះជាតិដែលកំពុងជួបគ្រោះនិងស្ថានការណ៍​អាក្រក់​​ ខ្លាំងនាពេលបច្ចុប្បន្ន ដោយសារតែប្រធានស្តីទីគណបក្ស គឺឯកឧត្តម​កឹម សុខា កំពុង​ប្រឈម​មុខ​នឹងផ្លូវច្បាប់ ផ្តើមចេញពីរឿងអាស្រូវស្នេហាផ្ទាល់ខ្លួន។ មកទល់ពេលនេះ ឯកឧត្តម កឹម សុខា មិនហ៊ានចេញទៅកន្លែងណាបាននោះឡើយ ពោលគឺ​កំពុង​សម្ងំលាក់ខ្លួននៅក្នុង​ទីស្នាក់​ក្រោម​ការកៀងគរ អ្នកគាំទ្រមកការពារ ពីការតាមចាប់​របស់​កម្លាំងសមត្ថកិច្ច ក្រោយបដិសេធ​មិន​ចូលបំភ្លឺតាមការកោះហៅរបស់តុលាកា​រ​ចំនួនពីរដង។
សម្តេចតេជោ ក៏បានបន្ថែមទៀតថា អ្នកខ្លះខុសខ្លួនឯង ទៅយកទីកន្លែងដទៃ ជាអង្គការ​ចាត់​តាំង ជាក្រុមនុស្សមួយក្រុម ជាតួអង្គចាត់តាំងមួយ ដើម្បីការពារខ្លួន ហើយអង្គការចាត់តាំង​នោះ ក៏ការពារមនុស្សខូចទៀត ដើម្បីប្រឈមនឹងផ្លូវច្បាប់។ សម្តេចតេជោ ហ៊ុន សែន ក៏បាន​ថ្លែងដោយអស់សំណើចចំពោះការលើកឡើងរបស់ឯកឧត្តម កឹម សុខា ថា ស្ថានការណ៍​នយោ​បាយ​​បច្ចុប្បន្ន​មាន​សភាពធម្មតា និងប្រកាសអួតថា បក្សខ្លួននឹងឈ្នះឆ្នោត​នាពេល​ខាងមុខ​នោះ។
សូមបញ្ជាក់ថា ឯកឧត្តម កឹម សុខា ក្នុងជំនួបជាមួយសកម្មជនបក្សមកពីខេត្តតាកែវ នៅថ្ងៃទី​០៥ ខែមិថុនា ម្សិលមិញ បានថ្លែងបង្ហាញអំណួត ថា គណបក្សរបស់ខ្លួន​នៅតែមាន​អ្នក​គាំ​ទ្រ ហើយ​នឹងឈានទៅរកការឈ្នះឆ្នោតថែមទៀតផង។ សូមរំលឹកថា មកដល់ថ្ងៃទី០៦ ខែ​មិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម កឹម សុខា បានលាក់ខ្លួនពួនអាត្មាក្នុង​ទីស្នាក់ការអស់​រយៈ​ពេល ១១ថ្ងៃហើយ ព្រោះតែគេចចេញពីការតាមចាប់របស់សមត្ថកិច្ច បន្ទាប់ពីមិន​ព្រម​​ចូលបំភ្លឺ​នៅ​តុលាការ តាមការកោះហៅរបស់សាលា ដំបូងរាជធានីភ្នំពេញ លើសំណុំ​រឿង​សញ្ចារកម្ម ដែល​ប្តឹងដោយកញ្ញា ខុម ច័ន្ទតារាទីហៅស្រីមុំ ដែលជានារីកំណាន់វ័យក្មេងម្នាក់ក្នុង​ចំ​ណោម​​​នារី កំណាន់​ជាច្រើននាក់ ដែលត្រូវបានទម្លាយក្នុងទំព័រ Facebook «រឿងពិត CNRP​»។ ការ​លាក់​ខ្លួនរយៈពេលប្រមាណ ១០ថ្ងៃ កន្លងមកនេះ ឯកឧត្តម កឹម សុខាបាន​ស្រក​ទម្ងន់ខ្លាំង​ផ​​ង​ដែរ។

អ្នកតាមស្ថានការណ៍នយោបាយ បានមើលឃើញថា ការសម្ងំលាក់ខ្លួនរបស់ឯកឧត្តម កឹម សុ​ខា មិនមែនជាដំណោះស្រាយនោះឡើយ ហើយវានឹងនាំមកនូវស្ថានការណ៍អាក្រក់ សម្រាប់​​បក្សទាំងមូលផងដែរ។ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ បានជំរុញឲ្យឯកឧត្តម​ កឹម សុខា បង្ហាញភាពក្លាហានចូលខ្លួន ដោះស្រាយរឿងផ្ទាល់ខ្លួនតាមផ្លូវច្បាប់ ដើម្បីបញ្ចប់វិបត្តិ​ក្នុងបក្ស ក៏ដូចជាបង្កផលលំបាកដល់អ្នកគាំទ្រផងដែរ៕




No comments:

Post a Comment