Monday, June 06, 2016

ACU​ មិន​ទទួល​យកពាក្យបណ្តឹង​របស់ស្រ្តី២​នាក់ម្តាយកូន ​ដែលចោទ​ប្រកាន់​ឯកឧត្តម កឹម សុខា លើ​ករណី​ឆបោក

បន្ទាប់ពីបើកកិច្ចពិភាក្សា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិន​ទៀង បានសម្រេចមិនចាត់ការ និងមិនទទួលយកពាក្យបណ្តឹងរបស់ស្រ្តី២នាក់ម្តាយកូន ដែល​បានមកប្តឹងអង្គភាពប្រឆាំងអំពើពុករលួយ អំពីករណីឆបោក និងរំលោភសេចក្តី​ទុកចិត្ត​របស់ ឯកឧត្តម កឹម សុខានោះឡើយ។
ស្រ្តី២នាក់ខាងលើបានអះអាងថា ជាប្រពន្ធចុង និងម្តាយក្មេក (ចុង) របស់ ឯកឧត្តម កឹម សុខា ប្រធាន​ស្តីទីគណបក្សសង្រ្គោះជាតិ។ នៅព្រឹកដដែលនេះពួកគេ បានទៅកាន់អង្គភាពប្រឆាំង​អំពើ​​​ពុក​រលួយ ដើម្បីផ្តល់ព័ត៌មានជូន ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក្នុងនា​មជា​ដើម​បណ្តឹង។ ស្រ្តី​២​នាក់ម្តាយ និងកូន (កូនស្រីអះអាងថា ជាប្រពន្ធចុង ឯកឧត្តម កឹម សុខា) បាន​រៀប​​រាប់ប្រាប់ ACU ថា ឯកឧត្តម កឹម សុខា បានលួងលោមពួកគាត់ ឱ្យលក់ផ្ទះសម្បែង ហើយ​​យកលុយ​ឱ្យ​គាត់​​ធ្វើ​ការងារបក្សដោយ​សន្យាផ្តល់សំណងមកវិញឱ្យសមរម្យ​ ប៉ុន្តែបន្ទាប់​ពីលក់ផ្ទះហើយ ស្រ្តីទាំង២នាក់​ខាង​​លើ អះអាងថា មិនបានទទួលសំណងអ្វីនោះឡើយពី ឯកឧត្តម កឹម សុខា។
ក្រោយពីស្តាប់ការរៀបរាប់របស់ស្ត្រីខាងលើ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានអះ​អាង​​ថា ការលើកឡើងរបស់ស្រ្តី២នាក់ខាងលើ មិនមានពាក់ព័ន្ធទៅនឹងករណីពុករលួយទេ ប៉ុន្តែ​​ជាករណីព្រហ្មទណ្ឌផ្សេងដូចជា រំលោភលើសេចក្តីទុកចិត្ត និងបទល្មើសឆបោកជាដើម។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកយកច្បាប់អង្គភាពប្រឆាំងអំពើពុករលួយ មកបញ្ជាក់ថា អង្គភាព​ប្រឆាំងអំពើពុករលួយ មិនអាចចាប់ផ្តើម​ស៊ើប​អង្កេត លើករណីដែលមិនពាក់ព័ន្ធ​នឹង​អំពើពុករលួយបានទេ លុះត្រាតែមានការអនុញ្ញាត​ពី​តុលាការជាមុនសិន។
សូមជំរាបថា អ្នកស្រី កែវ សុផាន់​ណា​រី អាយុ៤៤ឆ្នាំ ដែលអះអាងថា ជាប្រពន្ធចុងរបស់ ឯកឧត្តម កឹម សុខា រហូតដល់មានកូន២នាក់ និងម្តាយរបស់គាត់ នាពេលកន្លងមក ធ្លាប់​បាន​ទៅ​ទាម​ទារ​ឱ្យ ឯកឧត្តម កឹម សុខា ទទួលខុសត្រូវលើរូបគាត់រួចទៅហើយ កាលពីមុន​ការ​បោះ​ឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣ ហើយ​ថែមទាំងធ្លាប់ទទួលរងការ​ប្រើអំពើ​ហិង្សា​ពី​សំណាក់​​អង្គរក្សរបស់ឯកឧត្តម កឹម សុខា​ ផងដែរ។ ប៉ុន្តែចំពោះករណីហិង្សានេះ ស្រ្តី២នាក់ម្តាយ​កូន​បាន​ដាក់ពាក្យបណ្តឹង ទៅតុលាការរួចមកហើយដែរ។

ឯកឧត្តម ឱម យ៉ិនទៀង បានអះអាងថា ចំពោះរឿងនេះ កាលពីឆ្នាំ២០១៤ តុលាការ បាន​ចេញ​​សេចក្តី​​សម្រេចមួយ លើកលែងការចោទប្រកាន់លើ ឯកឧត្តម កឹម សុខា ក្រោម​ហេតុ​ផល​ថា រក​​​អ្នក​ប្រើហិង្សាលើអ្នកវ៉ៃស្រ្តី២នាក់ខាងលើមិនឃើញ៕


No comments:

Post a Comment