Wednesday, October 20, 2021

កិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងបានធ្វើប្រតិភូកម្មការផ្តល់សេវាដឹកជញ្ជូនផ្លូវទឹកលើវិស័យសាធារណការនិងដឹកជញ្ជូននៅអង្គភាពច្រកចេញចូលតែមួយ

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ឆ្នាំងលោក អម សុភា អភិបាលរងខេត្តតំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមជាមួយការិយាល័យប្រជាពលរដ្ឋខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអង្គភាពច្រកចេញចូលតែមួយខេត្ត បានជួបប្រជុំពិភាក្សាការពិនិត្យវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរនិងប្រតិភូកម្មការផ្តល់សេវាដឹកជញ្ជូនផ្លូវទឹក ជាមួយប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំដោយលោក មាស ម៉ូនីកា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលើវិស័យសាធារណការនិងដឹកជញ្ជូន នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ផងដែរ។


កិច្ចប្រជុំពិភាក្សា និងពិនិត្យការវាយតម្លៃការអនុវត្តមុខងារនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់អំពីបែបបទនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលលើវិស័យដឹកជញ្ជូនផ្លូវទឹក, ចំណុចខ្លាំង, ចំណុចខ្សោយ, បញ្ហាប្រឈមនានា និងទទួលយកសំណូមពរដែលជាធាតុចូលដើម្បីពិនិត្យ និងសម្រេចរកដំណោះស្រាយជាបន្តបន្ទាប់ដើម្បីធានាការផ្ដល់សេវាមានតម្លាភាព និងប្រសិទ្ធភាព។ 

ជាមួយគ្នានោះដែរ បន្ទាប់ពីអំពីលោក សុភា អភិបាលរងខេត្ត បានរាយការណ៍សង្ខេបអំពីលទ្ធផលសកម្មភាពដែលសម្រេចបាន និងលើកទិសដៅអនុវត្តបន្ដលោក មាស ម៉ូនីកា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូន  ជាពិសេសអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំងដែលបានផ្ដល់សេវាជូនប្រជាពលរដ្ឋលើវិស័យសាធារណការនិងដឹកជញ្ជូនទទួលបានលទ្ធផលល្អប្រសើរ៕










No comments:

Post a Comment