Tuesday, November 17, 2020

ប្រជាពលរដ្ឋក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ទទួលបានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ

 ក្រចេះ ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ដែលមានចំនួន៨៦៦ប័ណ្ណ ស្មើនឹង ៤៩៨ គ្រួសារ។

លោកអភិបាលរងខេត្ត បានអោយដឹងថា នេះជាដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់អាស្រ័យផល និងមានសិទ្ធិចាត់ចែងប័ណ្ណកម្មសិទ្ធិនេះជាឯកសារគតិយុត្តសម្រាប់ជាសំអាងនៅពេលមានជម្លោះដីធ្លី។

ជាមួយគ្នានោះ លោកបានធ្វើការកោតសរសើរដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរក្រុង-សង្កាត់ ដែលបានសហការបំពេញការងារប្រកបដោយប្រសិទ្ធិភាព ឈានដល់ការចែកប័ណ្ណ ការទទួលបានប័ណ្ណនាពេលនេះ ដើម្បីសរបញ្ជាក់ពីការបញ្ចប់នូវទំនាស់ដីធ្លី។ ក្នុងនោះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិនេះ ត្រូវថែរក្សាឱ្យបានល្អ កុំឱ្យខូច រឺបាត់បង់ ព្រោះវាមានផលប្រយោជន៍ក្នុងការប្រើប្រាស់តាមការជាក់ស្តែង ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយទំនាស់ដីធ្លី និងធានាបានការកាន់កាប់ដីធ្លីដោយស្របច្បាប់។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ប័ណ្ណកម្មសិទ្ធិ ដែលបានចែកជូននេះ គឺមានអត្ថប្រយោជន៍ជាច្រើនដូចជារ ៖ – ជាភស្តុតាងបញ្ជាក់ពីកម្មសិទ្ធស្របច្បាប់ -ត្រូបានការពារដោយច្បាប់ ធានាដោយរដ្ឋ -ធានានូវសិទ្ឋរបស់យើងក្នុងការធ្វើជាម្ចាស់ -អាចយកទៅប្រើប្រាស់សម្រាប់ដាក់ធានាក្នុងការខ្ចីប្រាក់ – ជាឯកសារសំអាងនៅពេលមាជម្លោះដីធ្លី – ធ្វើអោយកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ ដូចជាលក់ ទិញ អំណោយ ឬបន្តមរតក និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត៕





No comments:

Post a Comment