Tuesday, November 17, 2020

លោក ជិន ម៉ាលីន៖ រដ្ឋាភិបាល និងសមត្ថកិច្ចមិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបញ្ជាក់ថា របាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាមិនមានមូលដ្ឋានគ្រប់គ្រាន់នោះទេ។ លោក ជិន ម៉ាលីន បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងអំពីកង្វល់ និងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអំពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាថា របាយការណ៍នេះមិនមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាន និងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ ព្រោះថា ការសន្និដ្ឋានរបស់គេគឺផ្តោតសំខាន់តែទៅលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពែលដែលសមត្ថកិច្ចអនុវត្តច្បាប់ចំពោះសកម្មជននិងក្រុមគោលដៅដែលគេការពារ គេសន្និដ្ឋានថា ជាការរំលោភសិទ្ធិមនុស្ស តែគេមិនខ្ចីខ្វល់ និងធ្វើការវិភាគវែកញែកពីទង្វើនិងសកម្មភាពរបស់ក្រុមគោលដៅទាំងនោះឡើយថា តើវាជាសកម្មភាពការពារសិទ្ធិមនស្ស ឬជាការប្រព្រឹត្តបទល្មើស ហើយវាមានមូលដ្ឋាន និងធាតុផ្សំគ្រប់គ្រាន់បង្កើតបានជាបទល្មើសតាមបញ្ញត្តិច្បាប់របស់កម្ពុជាដែរឬអត់ហើយពួកគេបានធ្វើអ្វីខ្លះបានជានាំឱ្យមានការប្រឈមមុខតាមផ្លូវច្បាប់យ៉ាងដូច្នេះ។

 

លោក ជិន ម៉ាលីន បានបន្តថា រដ្ឋាភិបាល និងសមត្ថកិច្ចមិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះដែលបានដំណើរការនីតិវិធីតាមផ្លូវតុលាការផ្អែកលើគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យ បានលើកឡើងថា ការស៊ីឈ្នួលជួបជុំតវ៉ា និងអនុវត្តតាមផែនការខុសច្បាប់របស់អង្គការចលនាចាត់តាំងក្រៅច្បាប់ក្នុងចេតនាទុច្ចរិតបង្កភាពចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈមិនមែនជាសកម្មភាពការពារសិទ្ធិមនុស្សនោះទេ ហើយអ្នកដែលអនុវត្តនូវសកម្មភាព និងផែនការទាំងនោះក៏មិនមែនជាអ្នកការពារសិទ្ធិមនុស្សនោះដែរតែផ្ទុយទៅវិញវាជាអំពើល្មើសទៅនឹងច្បាប់ហើយដែលអ្នកប្រព្រឹត្តអំពើល្មើសច្បាប់ទាំងនោះក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមានផងដែរ។


លោក ជិន ម៉ាលីន បានបន្ថែមថា រដ្ឋាភិបាលលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមការពារ គោរព និងលើកស្ទួយសិទ្ធិមនុស្សលើគ្រប់វិស័យដែលស្ថិតក្នុងក្របខណ្ឌច្បាប់ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងមូល និងក៏ប្រកាន់ភ្ជាប់ផងដែរនូវវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ចំពោះក្រុមដែលមានផែនការ និងចេតនាទុច្ចរិត បង្កនូវភាពចលាចល និងអសន្តិសុខក្នុងសង្គមក្រោមរូបភាព និងលេសសិទ្ធិមនុស្សក្នុងគោលដៅការពារសិទ្ធិសេរីភាពអ្នកដ៏ទៃនិងថែរក្សានូវសន្តិសុខ ស្ថេរភាពសង្គម និងសណ្តាប់ឆ្នាប់សាធារណៈ៕



No comments:

Post a Comment