Tuesday, November 17, 2020

ពិធីបើកវេទិកាសាធារណៈផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

 ក្រចេះ៖ វេទិកានេះបានធ្វើឡើងនៅ មុខបរិវេណវត្ត (អម្ពវនរាមកញ្ជរ) ឃុំកញ្ជរ ស្រុកឆ្លូង នាព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ ដោយបានប្រព្រឹត្តទៅក្រោមវត្តមានលោក ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមនឹងសមាជិកក្រុមប្រឹក្សាខេត្ត ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តនិងប្រជាពលរដ្ឋជាច្រើននាក់។

លោក ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នាពេលនេះមាន៖ គោលបំណងដើម្បីបង្កើននូវវប្បធម៌ពិភាក្សា រវាងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍនានាសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងសមធម៌ ក្នុងកិច្ចដំណើការអភិបាលកិច្ចល្អនិងតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។

លោក បានបន្ថែមថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាខេត្តក្រចេះ ពិតជាមានសារៈសំខាន់ខ្លាំងព្រោះវេទិកានេះក៏បានផ្តល់ព័ត៌មាន ដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមកនិងមានគម្រោងជាអទិភាពនានា ក្នុងឆ្នាំខាងមុខ។ ពិសេសនោះបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញនូវមតិយោបល់ សំណូមពរ រួមទាំងបញ្ហាប្រឈមរបស់ខ្លួនពិសេសក្នុងមូលដ្ឋានដែលបងប្អូនកំពុងរស់នៅ ដើម្បីឲ្យវាគ្មិន មន្ទីរជំនាញពាក់ព័ន្ធ បកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយនិងឆ្លើយតបប្រកប់ដោយប្រសិទ្ធភាព។

នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនោះ ប្រជាពលរដ្ឋបានឡើងស្នើសុំមានចំនួន១២ករណីរួមមាន៖ ស្នើសុំធ្វើផ្លូវថ្មីដើម្បីងាយស្រួលទៅស្រែ ចំការ និងស្នើសុំជួសជុលផ្លូវឡើងវិញចំនួន០៧គម្រោង ស្នើសុំអណ្តូងទឹកស្នប់៤អណ្តូង ក្នុងឃុំកញ្ជរ និងស្នើសុំជួយដោះស្រាយបញ្ហាទំនាស់ដីធ្លី០១ករណី ក្នុងឃុំព្រែកសាម៉ាន។ ក្នុងនោះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានទទួលយកការស្នើសុំរបស់ប្រជាពលរដ្ឋដែលបានលើកឡើងហើយបានដោះស្រាយការស្នើជួសជុលផ្លូវ២ខ្សែ ប្រវែង១០៧០ម៉ែត្រចំពោះការធ្វើផ្លូវចំងាយប្រវែង១១kmត្រូវចុះសិក្សាសិន។

លោក វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថា រាល់បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង និងសំណូមពរថ្នាក់ដឹកនាំខេត្ត ស្វែងរកនូវដំណោះស្រាយមួយល្អប្រសើរជូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហាដែលនៅសេសសល់បន្ទាប់ពីការបកស្រាយ របស់អង្គភាពជំនាញពាក់ព័ន្ធថ្នាក់ដឹកនាំខេត្ត និងយកទៅពិភាក្សា និងជំរុញឱ្យមានដំណោះស្រាយជាបន្តបន្ទាប់ជាពិសេសនៅក្នុងកិច្ចប្រជុំនានារបស់រដ្ឋបាលខេត្តនិងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តជាដើម។

លោកអភិបាលខេត្ត បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ សូមកុំឱ្យមានព្រួយបារម្ភចំពោះបញ្ហាដែលបានកើតឡើង ព្រោះរដ្ឋបាលខេត្ត នឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពតាមដែលអាចធ្វើបាន ដើម្បីឆ្លើយតប និងក្តីកង្វល់របស់ប្រជាពលរដ្ឋ និងដើម្បីពង្រឹងនូវការផ្តល់សេវាសាធារណៈធ្វើឱ្យមានគណនេយ្យភាព តម្លាភាព គុណភាព និងប្រសិទ្ធភាព និងរួមចំណែកក្នុងការធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ឃុំកញ្ជរ ស្រុកឆ្លូងទាំងមូលកាន់តែប្រសើឡើង៕






No comments:

Post a Comment