Tuesday, November 17, 2020

តំណាងកម្ពុជានៅ អ.ស.ប៖ ការវាយតម្លៃស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាត្រូវផ្អែកលើមូលដ្ឋានច្បាប់និងហេតុការណ៍ពិត

 តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានសម្តែងប្រតិកម្ម និងសោកស្តាយខ្លាំងចំពោះរបាយការណ៍ លោកស្រីសាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស និងបានលើកឡើងថា ការវាយតម្លៃពីស្ថានការណ៍ណាមួយនៅកម្ពុជា ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ការណ៍ពិត។

ការប្រតិកម្មរបស់តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានកើតមានឡើងបន្ទាប់ពីលោកស្រី Mary Lawlor នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍នេះលោកស្រីបានបង្ហាញក្តីព្រួយបារម្ភចំពោះចំណាត់ការផ្លូវច្បាប់លើក្រុមអ្នកការពារសិទ្ធិមនុស្សហើយក៏បានគូសរំលេចពីការចាប់ខ្លួនមនុស្សមួយចំនួនរួមទាំងលោក រ៉ុង ឈុន ផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍តបនឹងការលើកនេះ លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា ការវាយតម្លៃលើប្រទេសមួយដែលអាចជឿជាក់បានលុះត្រាតែផ្អែកលើបរិបទច្បាប់និងហេតុការណ៍ពិតនៅនឹងកន្លែង ជាមួយប្រភពព័ត៌មានដែលមានការផ្ទៀងផ្ទាត់និងទស្សនៈវិស័យរួម។ ក្នុងសេចក្តីថ្លែងការណ៍ធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា លោក អាន សុខខឿន បានសម្តែងការសោកស្តាយចំពោះរបាយការណ៍របស់លោកស្រី Mary Lawlor។ តំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិរូបនេះ បានគូសរំលេចថា របាយការណ៍របស់លោកស្រី Lawlor ពុំបានគោរពឱ្យបានម៉ត់ចត់ទៅតាមនីតិវិធី និងវិជ្ជាជីវៈមិនលម្អៀងក្នុងតួនាទីជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។

លោក អាន សុខខឿន បានលើកឡើងថា លោកស្រី មិនបានផ្ទៀងផ្ទាត់ព័ត៌មានដែលទទួលបាន ជាមួយប្រភពរដ្ឋាភិបាលទេ។ បើពិនិត្យមើលឱ្យកាន់តែច្បាស់ សេចក្ដីថ្លែងការណ៍របស់លោកស្រីមានភាពលម្អៀង ជ្រើសរើសតែមួយជ្រុង និងធ្វើឱ្យមានការខូចខាត។ តំណាងរបស់កម្ពុជារូបនេះបន្ថែមថា លោកស្រីសាស្ត្រាចារ្យ Lawlor ពុំដែលបាននិយាយទាល់តែសោះថា ការអនុវត្តសេរីភាព នៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណី កិច្ច ការទទួលខុសត្រូវ និងការរឹតត្បិតពិសេសដែលកំណត់ដោយច្បាប់ដូចមានចែងនៅក្នុង មាត្រា២៩ (២) នៃសេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស ព្រមទាំងមាត្រា១៩ (៣) មាត្រា២១ និង មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិពលរដ្ឋនិងនយោបាយ៕

សូមអានសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖








No comments:

Post a Comment