Tuesday, November 17, 2020

លោក ទៀ បាញ់៖ ការចូលរួមវិភាគទានរបស់កម្ពុជាបង្ហាញពីសាមគ្គីភាពរបស់ប្រជាជនកម្ពុជា ជាមួយនឹងប្រជាជនឡាវ នៅក្នុងកាលៈទេសៈ ដែលពិភពលោកទាំងមូល កំពុងប្រឈមជំងឺកូវីដ-១៩

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អមដំណើរដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាននាំយកសម្ភារៈបរិក្ខារពេទ្យ សំរាប់ការពារជំងឺកូវីដ១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា ជូនទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ទៅប្រគល់ជូនដល់ប្រទេសឡាវ។ អញ្ជើញជូនដំណើរលោក ទៀ បាញ់ នៅចំណតព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាឱកាសនោះ មាន៖ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា និងលោកអនុព័ន្ធយោធាឡាវ ប្រចាំនៅកម្ពុជា។ សម្ភារៈបរិក្ខាពេទ្យការពារប្រឆាំងនឹងរោគរាតត្បាតកូវីដ ១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា  យកទៅប្រគល់ជូនដល់ប្រទេសឡាវ នៅពេលនោះ រួមមាន៖ ម៉ាស់ចំនួន ២លាន ១សែន ម៉ាស់ និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ដើម្បីជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។


លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ថា ការចូលរួមវិភាគទានថ្ងៃនេះ ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ covid-19 នៅក្នុងប្រទេសឡាវ ដែលជាកាយវិការបង្ហាញនូវមនោសញ្ជេតនា ជាបងប្អូន និងសាមគ្គីភាពរបស់ប្រជាជនកម្ពុជា ជាមួយនឹងប្រជាជនឡាវ នៅក្នុងកាលៈទេសៈ ដែលពិភពលោកទាំងមូល កំពុងជួបនឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមក លើសុវត្ថិភាពនៃសុខភាព និងសន្តិសុខមនុស្សជាតិ។ 


គួរបញ្ជាក់ដែរ កម្ពុជានិងឡាវ មានចំណងមិត្តភាពជាបងប្អូនដ៏យូរអង្វែង ដែលថ្នាក់ដឹកនាំគ្រប់កម្រិតនៃប្រទេសទាំងពីរកំពុងបន្តពូនជ្រុំ និងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀត ជារៀងរាល់ថ្ងៃប្រជាជនទាំងពីរបានកៀកស្មាគ្នា តស៊ូប្រយុទ្ធប្រឆាំងនឹងរបបអាណានិគមនិយម និងចក្រពតិ្តនិយម ដើម្បីទទួលបានឯករាជ្យ សន្តិភាព សេរីភាព និងសិទ្ធិស្វ័យសម្រេចរៀងខ្លួន។ បច្ចុប្បន្ន កម្ពុជានឹងឡាវ ក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវសន្តិភាពស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងផលប្រយោជន៍ទៅវិញទៅមក នៃប្រជាជាតិទាំងពីរ ៕






No comments:

Post a Comment