Monday, June 17, 2019

ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តស្វាយ រៀងអាណត្តិទី៣

ស្វាយរៀង៖ នាព្រឹកថ្ងៃអាទិត្យទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំអាគារ”ឃ”សាលាខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សា ខេត្តស្វាយរៀង អាណត្តិទី៣ ក្រោមអធិបតីភាពលោក ស ខេង នាយករដ្ឋមន្រ្តីស្តីទី ដែលមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្ត មន្ត្រីសាលាខេត្តស្វាយរៀង និងអ្នកពាក់ព័ន្ធទាំងអស់ សរុបប្រមាណ ៤០០នាក់។
លោក ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវសន្ទរកថាស្វាគមន៍អំពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត ស្វាយ រៀង ដែលខិតខំបំពេញតួនាទីភារកិច្ច កិច្ចការងាររដ្ឋបាល ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តស្វាយរៀ ងសម្រេចបាននាពេលកន្លងទៅ។
ក្នុងឱកាសនោះលោក ស ខេង មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត។ លោកបានបន្តទៀតថា ការពង្រឹងសាមគ្គី ភាពឯកភាពផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ របស់មន្រ្តីនៅក្នុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោល ដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
លោក ស ខេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្ត ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខណ្ឌខេត្តទាំងមូល ដោយត្រូវយកចិត្តទុកដាក់ លើវិធានការសំខាន់ៗក្នុងនោះ ត្រូវជំរុញលើកទឹកចិត្ត ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិ ភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់និងល្បែងស៊ីសងខុសច្បាប់ នៅគ្រប់មូលដ្ឋានទូទាំងខេត្ត។
នៅអាណត្តិទី៣នេះនៃក្រុមប្រឹក្សាខេត្តស្វាយរៀង មានចំនួន២៣រូប ក្នុងនោះលោក ជុំ ហាត ត្រូវបានតែងតាំង ជាប្រធានក្រុមប្រឹក្សាខេត្ត៕








No comments:

Post a Comment