Monday, June 17, 2019

ប្រធានកាកបាទក្រហមកម្ពុជាថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ព្រះវស្សា

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយសារលិខិតថ្វាយព្រះពរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ព្រះវស្សា។
សារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា « ក្នុងទិវាដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យមង្គលដ៏ប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៣ យាងចូល ៨៤ព្រះវស្សា ដែលនឹងប្រព្រឹត្ត្តទៅនៅ ថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ ខ្ញុំម្ចាស់សូមក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ប្រកបដោយមនោសញ្ចេតនាកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីរោគាព្យាធិនានា ជាអង្វែងតរៀងទៅ។
ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានសេចក្ដីសោមនស្សរីករាយឥតឧបមា ដែលបានរស់នៅ និងបំពេញបេសកកម្មមនុស្សធម៌ក្រោមម្លប់ដ៏ត្រជាក់ និងសូមដង្ហែតាមព្រះរាជគន្លងនៃព្រះរាជវីរៈគំរូមនុស្សធម៌ ប្រកបដោយព្រះរាជមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌វិសេសវិសាល នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែបានប្រោសព្រះរាជូបត្ថម្ភថវិកាទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជាចំណែកយ៉ាងធំធេងក្នុងការជួយដល់ប្រជារាស្រ្តកម្ពុជា ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ម៉្យាងទៀត ព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងព្រះរាជតួនាទីជាព្រះប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងការលើកកម្ពស់តួនាទីស្ត្រីក្នុងសង្គមកម្ពុជា លើកតម្កើងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាព ដើម្បីជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំម្ចាស់ សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ឫទ្ធិព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះអង្គជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរ ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្ត ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ដ្រកម្ពុជាទូទាំងប្រទេស ជាដរាបតរៀងទៅ។»




No comments:

Post a Comment