Monday, June 17, 2019

តំបន់ម៉ាឡៃកំពុងមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រក្រោមនយោបាយឈ្នះ ឈ្នះ

បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យទី១៦ ខែមិថុនា ឆ្នាំ ២០១៩ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាត់ឬសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តរតនៈម៉ាឡៃ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីលោក សុខ ភាព អនុរដ្ឋលេ ខាធិការក្រសួងការពារជាតិ លោកស្រីបណ្ឌិត សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ ថ្នាក់ដឹក នាំ មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយយ៉ាងច្រើនកុះករ។
លោក អ៊ុ រាត្រី បានថ្លែងថា ស្រុកម៉ាឡៃ ជាតំបន់ក្តៅនៃសង្គ្រាម និងជាកន្លែងបញ្ចប់សង្គ្រាមក្រោយគេ ក្រោមនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគោលនយោបាយប្រែក្លាយតំបន់ព្រំដែនក្លាយ ជាតំបន់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ តំបន់នេះមានប្រជាពលរដ្ឋចូលមករស់នៅប្រកបរបររកទទួលទាន កសាងផ្ទះសម្បែងនិងជីវភាពរស់នៅសមរម្យ ធ្វើមានការរីកចម្រើនឈានឡើង ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា ស្ថិតក្នុងបរិបទដែលប្រទេសជាតិទទួលបានសន្តិភាព ខេត្តបន្ទាយមានជ័យ បានបោះជំហានយ៉ាងក្លៀវក្លា ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋគ្រប់ទិសទីរួបរួមសាមគ្គី ពុះពារតស៊ូគ្រប់ឧបសគ្គ ជំនះគ្រប់ការលំបាក ក្នុងការខិតខំកសាងប្រទេសជាតិ ក៏ដូចខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យដែលត្រូវបានស្តារពីលេខសូន្យនៅឆ្នាំ១៩៧៩ ដែលបច្ចប្បន្នចំនួនវត្តទូទាំងខេត្តមាន ២៤៦ អាស្រម៨ ព្រះសង្ឃ៣ ៨៩៧អង្គ សាលាធម្មវិន័យ៥៩សាលា ពុទ្ធកបឋមសិក្សា៦៨សាលា ពុទធកអនុវិទ្យាល័យ និងវិទ្យាល័យ ១សាលា សមណសិស្ស ២៩១០អង្គ។
ក្នុងពិធីកាត់ឬសសីមានេះក៏មានការចែកអំណោយជូនលោកតា លោកយាយ ប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួម និងមានវិធីរាបបាតប្រគេនព្រះសង្ឃ ចំនួន ១៥០០អង្គផងដែរ៕








No comments:

Post a Comment