Monday, June 17, 2019

លោកឧបនាយករដ្ឋមន្រ្តី ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣

បាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទទី១៧ ខែមិថុនា ឆ្នាំ២០១៩ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង។ ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយរង អភិបាល នៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត កងកម្លាំង ប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ ព្រមទាំងមន្ត្រីរាជការ សាលាខេត្ត។
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានឡើងអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបជូនលោកស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអង្គពិធីទាំងមូលអំពីលទ្ធផលការងារសំខាន់ៗដែលបានសម្រេចបានរយៈពេលកន្លងមកក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរយៈពេល ៥ឆ្នាំ។
តាមការអាននូវព្រះរាជក្រឹត្យរបស់លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយករដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ ដែលមាន២៧អសនៈ រួមមាន មកពីគណបក្សប្រជាជនកម្ពុជា ២៦រូប និង គណបក្សហ៊្វុនស៊ិនប៉ិច ១រូបផងដែរ។ ក្នុងនោះ លោក អ៊ុយ រី ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាខេត្តអាណត្តិទី៣ រួមនឹងលោក លោកស្រី ចំនួន ២៦រូបទៀត ជាសមាជិកក្រុមប្រឹក្សាខេត្ត។ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តដែលទើបបានប្រកាសតែងតាំងសម្រាប់អាណត្តិទី៣នេះ បានអញ្ជើញឡើងមានចំណាប់អារម្មណ៍ និងធ្វើការប្តេជ្ញាចិត្តជូនអង្គពិធីទាំងមូល។
លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានមានប្រសាសន៍ និងកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ចំពោះ សមាជិកក្រុមប្រឹក្សាខេត្តដែលត្រូវបានតំណាងប្រជាពលរដ្ឋគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៣នេះ។ លោក បានបន្តទៀតថា ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រក ខណ្ឌ អណត្តិទី៣កាលពីថ្ងៃ២៦ ខែឧសភា ឆ្នាំ២០១៩ កន្លងមក ត្រូវបានវាយតម្លៃថា មានលក្ខណៈ សេរី តរឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហឹង្សា ហើយលទ្ធផលនៃការបោះឆ្នោតក៏ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានា ដែលបានចូលរួមការបោះឆ្នោតផងដែរ។  លោកបានបន្តទៀតថា ក្នុងកិច្ចដំណើរការកំណែរទម្រង់វមជ្ឈការ និងវិសហមជ្ឈការ ជាកិច្ចដំណើរការកំណែទម្រង់ដ៏សាំញុំា និងស្មុគស្មាញដោយសារកំណែទម្រង់នេះពាក់ព័ន្ធទៅនឹងការប្តូរផ្នត់គំនិត និងបែបផែននៃការបំពេញមុខងាររបស់មន្ត្រីសាធារណៈនៅគ្រប់លំដាប់ថ្នាក់។
លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តខិតខំលើកកម្ពស់ក្នុងការផ្តល់សេវាចាំបាច់នានាដូចជាសេវាសុខាភិបាល អប់រំ សង្គមកិច្ច និងសេវាសាធសរណៈដទៃទៀតប្រកបដោយស្មារតីទទួលខុសត្រូវមានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ផ្អែកតាមលទ្ធផលផ្លូវការ ដែលបានប្រកាសដោយ គ.ជ.ប ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ សរុបមានចំនួន ៤១១៤រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្តចំនួន ៥៥៩រូប និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣៥៥៥រូប ដោយឡែកខេត្តបាត់ដំបង មានសមាជិកក្រុមប្រឹក្សាចំនួន២៧រូប៕





No comments:

Post a Comment